លោកវេជ្ជបណ្ឌិត ស្តេីង ជា ប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡា បានទទួលមរណភាពដោយកូវីដ-១៩

មាស សុផាណារ៉ុង March 22, 2021


 

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ស្តេីង ជា ប្រធានគណកម្មការវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្តកីឡា នៃគណកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលមរណភាពកាលពីយប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ដោយសារវីរុសកូវីដ១៩។

លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានថ្លែងប្រាប់សារព័ត៌មានកម្ពុជាថ្មីថា អ្នកជំងឺឈ្មោះ ស្តើង ជា អាយុ ៧៥ ឆ្នាំ មានអាការៈហត់ និងពិបាកដកដង្ហើមវិវត្តរហ័សរយៈពេល ៣ ទៅ ៤ ថ្ងៃ ដោយមានជំងឺប្រចាំកាយលើសឈាមដោយរូបលោកទើបតែបានចូលសម្រាកក្នុងមន្ទីរពេទ្យនៅថ្ងៃទី២១ ខែមីនា ក្នុងសភាពហត់ខ្លាំងហើយបានរកឃើញមានសភាពរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំងរហូតដល់ប្រើម៉ាសុីនជំនួយដង្ហើម។

ចំពោះមូលហេតុនៃការស្លាប់លោក ជំទាវ យក់ សម្បត្តិ បញ្ជាក់ថា ដោយសារជំងឺកូវីដ១៩ វ៉ៃលុកសួតធ្ងន់ធ្ងរ ហើយគ្រូពេទ្យព្យាយាមសង្គ្រោះតែមិនអាចសង្គ្រោះបាន។

មរណភាពរបស់លោកវេជ្ជបណ្ឌិត ស្តើង ជា គឺជាការបាត់បង់ធនធានមនុស្សដ៏សំខាន់ក្នុងវិស័យកីឡាកម្ពុជាដោយលោកគឺជាអ្នកវេជ្ជសាស្ត្រដ៏ជំនាញពោរពេញទៅដោយចំណេះដឹងក៏ដូចជាបទពិសោធន៍គួរឱ្យកោតសរសើរក្នុងនាមជាសកម្មជន និងអ្នកមានគុណូបការៈចំពោះចលនាអូឡាំពិក៕

មតិយោបល់