អណត្តិថ្មីរបស់សហព័ន្ធទូកក្ដោង បន្តពង្រឹងគុណភាពអត្តពលិកបន្ថែម ត្រៀមស៊ីហ្គេម ២០២៣

មាស សុផាណារ៉ុង February 22, 2021


 

ភ្នំពេញ៖ បន្ទាប់ពីលើកពេលអស់ជាច្រើនដង តាំងពីពាក់កណ្ដាលឆ្នាំ២០១៩ កន្លងទៅនោះ សហព័ន្ធកីឡាទូកក្ដោង បានសំរេចធ្វើការអនុម័ត្តជ្រើសតាំង លោក ថាង ហ្គោដុន បន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មី៥ឆ្នាំ បន្តទៀត រហូតដល់ឆ្នាំ២០២៣ ដែលម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមតែម្ដង។

អង្គមហាសន្និបាតសហព័ន្ធកីឡាទូកក្តោងកម្ពុជា បានអនុម័តផ្តល់សេចក្តីទុកចិត្តដល់សមាសភាពគណៈកម្មាធិការប្រតិបត្តិអាណត្តិថ្មីចំនួន ៩រូប រួមមាន៖ ឯកឧត្តម ថាង ហ្គោដុន ជាប្រធាន, ឯកឧត្តម ថោង រដ្ឋសក្តិ អនុប្រធានទី១, ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធានទី២, លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការ និងកញ្ញា ងួន តរុណី ជាអគ្គហិរញ្ញឹក ខណៈ ៤រូបទៀតជាសមាជិក។

អនុប្រធានទី២ សហព័ន្ធ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា៖ «ប្រភេទកីឡាទូកក្តោងក៏មាននៅក្នុងបញ្ជីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ របស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ផងដែរ ដូច្នេះសហព័ន្ធកំពុងជំរុញដល់ការហ្វឹកហាត់បង្កើនគុណភាពបច្ចេកទេសរបស់កីឡាករ-កីឡាការិនីជម្រើសជាតិ ឲ្យកាន់តែល្អប្រសើរ ដើម្បីស្វែងរកនូវឧត្តមភាពនៅក្នុងពេលទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។ នៅក្នុងពេលនេះ សហព័ន្ធកីឡាទូកក្តោងកម្ពុជាកំពុងខិតខំពង្រឹងប្រភេទកីឡាអូឡាំពិកដ៏មានសក្តានុពលរបស់អន្តរជាតិមួយនេះឲ្យមានដំណើរការល្អ ទាក់ទាញឲ្យមានប្រជា ប្រិយភាពសម្រាប់កម្ពុជាជាបន្តបន្ទាប់ផងដែរ។ កន្លងមក សហព័ន្ធបានធ្វើសកម្មភាពច្រើន ដូចជាចូលរួមប្រកួតអន្តរជាតិ បញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេសជាច្រើនដងដែរ។»

ឯកឧត្តម វ៉ាត់ ចំរើន បានបញ្ជាក់ដែរថា៖ «ការរៀបចំមហាសន្និបាតនេះ ថ្វីដ្បិតតែឯកឧត្តមប្រធាន ថាង ហ្គោដុន ដែលបច្ចុប្បន្នស្ថិតនៅប្រទេសសិង្ហបុរី មិនបានអញ្ជើញចូលរួមដោយផ្ទាល់ដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្តែសហព័ន្ធមានឯកឧត្តម ថោង រដ្ឋសក្តិ អនុប្រធានទី១ តែងតែកាន់ជាប់ជាមួយនឹងសកម្មភាពទាំងអស់ ទាំងរដ្ឋបាល បច្ចេកទេស និងទាំងការបំផុសអភិវឌ្ឍន៍វិស័យកីឡាទូកក្តោងកម្ពុជារួមទាំងសមាជិកប្រតិបត្តិទាំងអស់ រួមទាំងការអនុញ្ញាតពីឯកឧត្តមប្រធានដូចគ្នាដែរ ដូច្នេះយើងមានលទ្ធភាពក្នុងការរៀបចំលក្ខណៈសម្បត្តិគ្រប់គ្រាន់តាមនីតិវិធីលក្ខន្តិកច្បាស់លាស់។»

ជាមួយនឹងការខិតខំអភិវឌ្ឍលើការហ្វឹកហាត់ ការបណ្តុះបណ្តាល ក្នុងប្រទេស និងក្រៅប្រទេសជាបន្តបន្ទាប់បានធ្វើឲ្យសហព័ន្ធបង្កើនបាននូវចំនួនកីឡាករ-កីឡាការិនី ក៏ដូចជាគុណភាពបច្ចេកទេសអាចប្រកួតប្រជែងបាននៅលើឆាកអន្តរជាតិផងដែរ។

គួរំលឹកផងដែរថា សហព័ន្ធធ្លាប់បានបញ្ជូនកីឡាករចេញទៅចូលរួមប្រកួតអន្តរជាតិដំបូង នៅឆ្នាំ២០១៧ រហូតដល់បញ្ចប់ អាណត្តិទី១ ឆ្នាំ២០១៩ ដោយមានចំនួន ២១លើក ដោយដណ្តើមបានមេដាយសរុបចំនួន ១១គ្រឿង ក្នុងនោះមេដាយមាស១ ប្រាក់១ និងសំរឹទ្ធចំនួន ៩គ្រឿង។ ជាមួយគ្នានោះ សហព័ន្ធក៏បានបង្ហាញនូវបញ្ហាប្រឈមមួយចំនួនទៀត ដូចជាសមាគម-ក្លិបមានចំនួនតិច និងកីឡាកររបស់ក្លិបនៅមានកម្រិត នៅខ្វះខាតមន្ត្រីបច្ចេកទេស គ្រូបង្វឹក មិនទាន់សមស្របទៅនឹងតម្រូវការនៃការរៀបចំការប្រកួតអន្តរជាតិ៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់