កីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធ ត្រៀមចាក់វ៉ាក់សាំងកូវីដ-១៩

មាស សុផាណារ៉ុង February 18, 2021


 

ភ្នំពេញ៖ កីឡាករ-កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធ ទទួលបានការអនុញ្ញាតិឲ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាផ្លូវការ នេះបើតាមការបញ្ជាក់ដោយ គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២។

តាមការបញ្ជាក់ដោយ គណ:កម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ (SEA Games-ASEAN Para Games 2023) បានប្រកាសថា សម្រាប់កីឡាករ កីឡាការិនីជម្រើសជាតិ គ្រូបង្វឹក និងមន្រ្តីកីឡាពាក់ព័ន្ធ ដែលមានក្នុងបញ្ជីស្នើសុំចាក់វ៉ាក់សាំងកូវីដ-១៩ (COVID-19) ត្រូវបានសម្តេចតេជោនាយករដ្ឋមន្រ្តី អនុញ្ញាតដ៏ខ្ពង់ខ្ពស់ឲ្យចាក់ជូន តាមរយៈក្រុមការងារវ៉ាក់សាំងកូវីដ-១៩ ក្រសួងការពារជាតិ ដែលដឹកនាំដោយសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games 2023។

កីឡាករ កីឡាការិនី គ្រូបង្វឹកជម្រើសជាតិ មន្រ្តីកីឡាពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈចូលរួមចាក់វ៉ាក់សាំងកូវីដ-១៩ ដោយស្មារតីស្ម័គ្រចិត្តគ្រប់ៗគ្នា ក្នុងពេលឆាប់ៗនេះ តាមការរៀបចំរបស់អគ្គលេខាធិការដ្នាន CAMSOC ដើម្បីផ្តល់ជំនឿចិត្ត និងភាពកក់ក្តៅក្នុងចិត្តសាស្រ្តកីឡា ត្រៀមទៅហ្វឹកហាត់ក្រៅប្រទេស និងប្រកួតកីឡាជាអន្តរជាតិនានា ក្នុងឆ្នាំ ២០២១ ពិសេសត្រៀម SEA Games-ASEAN Para Games 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះឲ្យទទួលបានជោគជ័យ។

ក្រុមកីឡាករ កីឡាការិនី គ្រូបង្វឹក និងមន្ត្រីកីឡានៃក្រុមជម្រើសជាតិ ដែលមានចំនួនជាង ១ពាន់នាក់ ក្នុងនោះមាន ១ក្រុម ត្រៀមចេញទៅប្រកួតអូឡាំពិកហ្គេម នាអំឡុងខែកក្កដា ឆ្នាំ២០២១, ១ក្រុមទៀតមានចំនួនរាប់រយនាក់ ត្រៀមចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន ក្នុងអំឡុងខែសីហា ឆ្នាំ២០២១ ខណៈក្រុមតូចៗផ្សេងទៀត នឹងត្រៀមចេញទៅហ្វឹកហាត់នៅប្រទេសកូរ៉េ ជប៉ុនជាដើម។ ចំពោះក្រុមធំ ដែលមានចំនួនជាង ៥០០នាក់នឹងត្រូវត្រៀមក្រុមប្រតិភូក្នុងទ្រង់ទ្រាយធំ ត្រៀមចេញទៅប្រកួតប្រជែងមេដាយ នៅក្នុងព្រឹត្តិការណ៍កីឡាថ្នាក់តំបន់រៀងរាល់២ឆ្នាំម្តង គឺស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា-ធ្នូ ឆ្នាំ២០២១ នៅប្រទេសវៀតណាម៕

 

រូបភាព និងអត្ថបទ៖ Cambodia SEA GAMES 2023

មតិយោបល់