ឯកឧត្តម កែវ រ៉េមី៖ ITF នឹងអាចកសាងប្រវត្តិសាស្ត្រថ្មី ក្នុងការប្រជែងមេដាយជូនជាតិនៅឆ្នាំ២០២៣

មាស សុផាណារ៉ុង February 4, 2021


 

ភ្នំពេញ៖ ប្រធានសហ័ន្ធកីឡាតេក្វាន់ដូ ITF បានថ្លែងបែបនេះ ក្នុងពិធីប្រឡងដំឡើងខ្សែក្រវ៉ាត់ថ្នាក់ដាន់កីឡាករ-កីឡាករិនីជម្រើសជាតិ នៅសាលហ្វឹកហាត់របស់សហព័ន្ធតេក្វាន់ដូ ITF កម្ពុជា នៃមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីល្ងាចថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១។

ឯកឧត្តម កែវ រ៉េមី បានថ្លែងបែបនេះថា សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ បណ្តាប្រទេសដែលនឹងចូលរួមប្រជែងមេដាយជាមួយម្ចាស់ផ្ទះកម្ពុជា មានដូចជា សឹង្ហបុរី ហ្វីលីពីន ថៃ វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ជាដើម ដោយឯកឧត្តមចាត់ទុកថា វៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី មានភាពខ្លាំក្លាលើប្រភេទតេក្វាន់ដូ ITF នេះ ប៉ុន្តែក៏មិនមែនជាឧបស័គ្គធំរបស់កម្ពុជា ក្នុងការប្រកួតប្រជែងមេដាយនោះទេ ហើយកម្ពុជាក៏មានបទពិសោធន៍យ៉ាងច្រើនដែរ ជាពិសេសនៅក្នុងការប្រកួតជើងឯកពិភពលោក និងអាស៊ីជាដើម ហើយសម្រាប់តំបន់អាស៊ីអាគ្នេយ៍នេះ ក៏មិនមានអ្វីជាឧបស័គ្គធំពេកទេ។

«ទោះបីជាបែបនេះ ក៏យើងមិនមែនភ្លេចខ្លួន មើលស្រាលគេ ឬធ្វេសប្រហែសបានទេ គឺយើងតែងតែផ្តល់តម្លៃសម្រាប់ការហ្វឹកហាត់ ដោយការហ្វឹកហាត់ត្រូវតែជឿជាក់លើខ្លួនឯង ហើយក៏មិនមានការភ័យខ្លាចសម្រាប់ការប្រកួតឡើយ ដែលចំណុចទាំងអស់នេះ ឯកឧត្តមតែងតែបានផ្តល់ការលើកទឹកចិត្ត ការបណ្តុះឆន្ទៈជូនដល់កីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ឲ្យកាន់តែមានស្មារតីមុះមុតបន្ថែមទៀត។» សម្ដីរបស់ ឯកឧត្តម។

លោកបន្តថា៖ «អ្វីដែលយើងនិយាយគឺឲ្យខ្លាំងបន្តិច ដើម្បីជំរុញពួកគាត់ឲ្យកាន់តែខ្ពស់បន្ថែមទៀត ដើម្បីជាក្តីសង្ឃឹមសម្រាប់ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ដែលប្រភេទកីឡាតេក្វាន់ដូ ITF នឹងអាចកសាងប្រវត្តិសាស្ត្រថ្មី ក្នុងការប្រជែងមេដាយជូនជាតិ។ បើតាមផែនការយុទ្ធសាស្ត្រ គឺតេក្វាន់ដូ ITF កម្ពុជាត្រូវប្រជែងមេដាយមាសឲ្យបាន ១៥គ្រឿង គឺជាអម្រែកមួយដ៏ធ្ងន់ ប៉ុន្តែការវាយតម្លៃ ដែលឲ្យយើងដាក់គោលដៅឈ្នះមេដាយមាសបែបនេះ គឺជាមោទនភាពដ៏ធំធេងរបស់យើងទៅវិញ»

 

អត្ថបទ៖ រីយ៉ា

មតិយោបល់