ឯកឧត្តម ប៉ាន សូរស័ក្តិ ផ្ដល់គន្លឹះសំខាន់៦ចំណុច ដល់សហព័ន្ធទូក ក្រោយបញ្ចប់ជើងឯកថ្នាក់ជាតិ

មាស សុផាណារ៉ុង February 2, 2021


 

ភ្នំពេញ៖ ខណៈពេលដែលការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ «ទូកនាគ» «ទូកកានូ-កាយ៉ាក់» និង «ទូករ៉ូអ៊ីង» ជ្រើសរើសជើងឯកថ្នាក់ជាតិ និង «ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០» ប្រចាំឆ្នាំ២០២០ បានបញ្ចប់ប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាផ្លែផ្កា កាលពីចុងសប្ដាហ៍មុននោះ ឯកឧត្តម ប៉ាន សូរស័ក្តិ អនុប្រធានទី១ សហព័ន្ធ ក៏បានផ្ដល់អនុសាសន៍ ៦ចំណុចសំខាន់ៗដល់មន្ត្រីក្រោមឱវាទ និងអត្តពលិកទាំងអស់ ដើម្បីលើកកម្ពស់ដល់ការអភិវឌ្ឍវិស័យទូកអោយកាន់តែរីកចម្រើនបន្ថែមទៀត ក្នុងគោលដៅឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីបិទការប្រកួត កាលពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅទន្លេបាសាក់ទីក្រុងតាខ្មៅ ខេត្តកណ្តាល ឯកឧត្តម ប៉ាន សូរស័ក្តិ បានជំរុញលើកទឹកចិត្តដល់កីឡាករ កីឡាការិនីទាំងអស់បន្តការខិតខំពង្រឹងសមត្ថភាពឆ្ពោះទៅទទួលរៀបចំព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ គឺទី១ ត្រូវខិតខំបើកវគ្គបណ្តុះបណ្តាល និងបង្កើនបរិមាណកីឡាករ-កីឡាការិនី នៅតាមបណ្តាសមាគម កីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ និងទូករ៉ូអ៊ីង ទូទាំងប្រទេស។

២.ត្រូវមានធនធាន និងសម្ភារៈហ្វឹកហាត់ឲ្យបានគ្រប់គ្រាន់ សមាគមកីឡាទូករាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធ ចាំបាច់ត្រូវមានទូកផ្ទាល់ខ្លួន ដើម្បីងាយស្រួលក្នុងការហ្វឹកហាត់ ក៏ដូចជាចូលរួមប្រកួតទាំងថ្នាក់ភូមិភាគ និងថ្នាក់ជាតិ។

៣.ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងសមាគមកីឡាទូកទូទាំងប្រទេស ដោយផ្តោតលើការបំពេញមុខងាររបស់គណៈកម្មការជំនាញនីមួយៗ ប្រកបដោយភាពទទួលខុសត្រូវខ្ពស់។ ៤.ត្រូវពង្រឹងសមត្ថភាពអាជ្ញាកណ្តាល និងចៅក្រមឲ្យកាន់តែល្អប្រសើរ ទាំងបរិមាណ និងគុណភាព ដើម្បីអាចគ្រប់គ្រង រៀបចំការប្រកួតបានគ្រប់កម្រិត។

៥.ត្រូវខិតខំស្វែងរកដៃគូសហការ និងក្រុមហ៊ុនឧបត្ថម្ភបន្ថែមទៀត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រកួតឲ្យបានកាន់តែច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន។ ៦.ត្រូវជំរុញផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រកួត និងសកម្មភាពការងាររបស់សហព័ន្ធឲ្យបានទូលំទូលាយ ដើម្បីទាក់ទាញការគាំទ្រពីវិស័យឯកជន និងសាធារណជន ជាតិ និងអន្តរជាតិ ឲ្យកាន់តែច្រើនបន្ថែមទៀត។

ជាមួយគ្នានោះ ឯកឧត្តមអនុប្រធាន ក៏វាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងល្អពីគ្រប់ភាគីពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតជ្រើសរើសជើងឯកនេះ ប្រកបដោយភាពរលូន និងទទួលបានជោគជ័យជាផ្លែផ្កា។

គួបញ្ជាក់ផងដែរថា៖ ការប្រកួតនេះមានកីឡាករ-កីឡាការិនីចូលរួមចំនួន២៩៨នាក់ ក្នុងនោះកីឡាការិនី៥៧នាក់ គ្រូបង្វឹក២៤នាក់ និងគណៈប្រតិភូ២៤នាក់មកពី២១សមាគម៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់