ប៉េតង់កម្ពុជា ចេញផ្លែផ្កា ក្រោយប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដោយរលូន

មាស សុផាណារ៉ុង February 2, 2021


 

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតអស់រយៈពេល ៣ថ្ងៃរួចមក គណៈកម្មការបានរកឃើញម្ចាស់ជ័យលាភី លើ៧វិញ្ញាសារ ដែលគ្រងជើងឯក ឆ្នាំ២០២០ ខណៈដែលពិធីបិទការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងពិធីបំពាក់មេដាយ ទទួលបានការអញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។

លទ្ធផលជ័យលាភីលើវិញ្ញាសាសរុបចំនួន៧ រួមមាន៖

១-វិញ្ញាសាបុរស ក១ ៣នាក់ទល់៣នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបមិត្តភាពកម្ពុជា-បារាំង

២-វិញ្ញាសាយុវនារី ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ ចំណាត់ថ្នាក់លេខ១ បានទៅក្លឹបមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង

៣-យុវជន១៥ឆ្នាំចុះ ១នាក់ទល់១នាក់ លេខ១ បានទៅក្លឹបមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត

៤-យុវនារី១៨ឆ្នាំចុះ ២នាក់ទល់២នាក់ លេខ១ បានទៅក្លឹបប៉េតង់កងយោធពលខេមរភូមិន្ទ

៥-យុវជន១៨ឆ្នាំចុះ ៣នាក់ទល់៣នាក់ លេខ១ បានទៅក្លឹបទីស្តីការគណៈរដ្ឋមន្ត្រី

៦-បុរស ក២ ៣នាក់ទល់៣នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជ័យលាភីលើវិញ្ញាសាទី៧ នារី៣នាក់ទល់៣នាក់ ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្លឹបសេនារាជសីហ៍។ ក្រៅពីចំណាត់ថ្នាក់លេខ១ មេដាយមាសនេះ ក៏មានចំណាត់ថ្នាក់លេខ២ ដល់លេខ៤ លើវិញ្ញាសាទាំង ៧នេះដូចៗគ្នាផងដែរ។

ឯកឧត្តម ស សុខា បានមានប្រសាសន៍ថា៖ «ការប្រកួតកីឡាប៉េតង់ថ្នាក់ជាតិ ឆ្នាំ ២០២០ នេះ គឺជាការសន្សំធនធានមនុស្ស ប្រកបដោយសក្តានុពល ក្នុងដំណើរពោរពេញទៅដោយសុទ្ធិដ្ឋិ ឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ ដោយយើងសង្ឃឹមថា ឆ្នាំ ២០២៣ នោះ កម្ពុជាច្បាស់នឹងក្លាយជា មហាអំណាចលើកីឡាប៊ូល និងប៉េតង់ ជាក់ជាមិនខាន»៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់