ប៉េតង់ចាប់ផ្ដើមសម្រិតសម្រាំងអត្តពលិកពីជើងឯកថ្នាក់ជាតិ ត្រៀមស៊ីហ្គេមនៅវៀតណាមចុងឆ្នាំនេះ

មាស សុផាណារ៉ុង January 30, 2021


 

ភ្នំពេញ ៖ ខណៈពេលដែល ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម នៅប្រទេសវៀតណាមនាខែ១១ ឆ្នាំ២០២១ ខាងមុខនេះ សហព័ន្ធកីឡាប៉េតង់ និងប៉ូលកម្ពុជា បានសំរេចធ្វើការសម្រិតសម្រាំងជ្រើសរើសអត្តពលិកឆ្នើម យកពីការប្រកួតជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលបានចាប់ផ្ដើមកាលពីព្រឹកថ្ងៃទី២៩ ហើយគ្រោងបញ្ចប់នាថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២១ នេះ។

ថ្លែងនៅក្នុងពិធីបើកការប្រកួត ឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានថ្លែងថា៖ «សូមឲ្យការប្រកួតពានរង្វាន់ថ្នាក់ជាតិនេះ ប្រកបដោយតម្លាភាព សុក្រឹតភាព និងប្រកបដោយលក្ខណៈបច្ចេកទេសពិតៗ ជាពិសេសការកាត់សេចក្ដីមិនលម្អៀងតាមរយៈខ្សែនោះឡើយ ព្រោះថាបើយកខ្សែអត់មានសមត្ថភាពទៅប្រកួតលើឆាកអន្តរជាតិ និងធ្វើមិនបានល្អ ច្បាស់ជាខ្មាស់គេហើយ។ មិនត្រឹមតែប៉ុណ្ណោះ កីឡាករ-កីឡាការិនីវ័យក្មេងក៏ត្រូវប្រឹងឲ្យខ្លាំងដូចគ្នា ឬអាចនិយាយបានថា ការប្រកួតលើកនេះ អាចកែប្រែវាសនាខ្លួនឲ្យត្រដែតដូចវីរកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និង ស្រ៊ាង សូរ៉ាឃីម។ ការខំប្រឹងចេញពីខ្លួនយើង គឺមានតម្លៃណាស់ ហើយសូមមើលគន្លងវីរកីឡាការិនី កែ ឡេង មានជីវិតតស៊ូមកពីខេត្តរហូតក្លាយជាវីរនារីល្បីឈ្មោះប្រចាំប្រទេសរបស់យើង និងឈ្នះជើងឯកពិភពលោក៤សម័យ រួមទាំងមេដាយកម្រិតអាស៊ីជាច្រើនទៀត។»

ឯកឧត្តមបន្តថា៖ «បើយើងក្រឡេកទៅមើល វីរកីឡាការិនី កែ ឡេង ដែលមានជីវិតតស៊ូមកពីខេត្តរហូតក្លាយជាវីរនារីល្បីឈ្មោះប្រចាំប្រទេសរបស់យើង និងឈ្នះជើងឯកពិភពលោក ៤សម័យ រួមទាំងមេដាយកម្រិតអាស៊ីជាច្រើនទៀត។ ការខំប្រឹងនៅថ្ងៃនេះ ធ្វើឱ្យយើងមានឱកាសទៅថ្ងៃអនាគត ដែលអាចចូលរួមប្រកួតដូចជា ជើងឯកពិភពលោក, ជើងឯកប៊ិចហ្គេម, ជើងឯកអាស៊ី, ជើងឯកអាស៊ីអាគ្នេយ៍ (ប្រកួតប៉េតង់តែមួយប្រភេទ), ជើងឯកស៊ីហ្គេម, មេគង្គហ្គេម, និងជើងឯកសាកលវិទ្យាល័យអាស៊ីអាគ្នេយ៍ជាដើម។»

ជាមួយគ្នានេះដែរ លោក សូម៉ៃ សុខគា អគ្គលេខាធិការរងនៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានប្រាប់ឲ្យដឹងថា ការប្រកួតឆ្នាំនេះមានគណៈប្រតិភូចំនួន ៥០នាក់ គ្រូបង្វឹកចំនួន ៥២នាក់ និងក្រុមកីឡាករ-កីឡាការិនីប៉េតង់ ចំនួន ៣៥០នាក់ សរុបចំនួន ៤៥២នាក់៕

 

អត្ថបទ៖ រីយ៉ា

រូបភាព៖ Petanque Cambodia – សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា

មតិយោបល់