ឯកឧត្តម ស៊ូម សារឿន៖ វគ្គចៅក្រម-អាជ្ញាកណ្ដាល ពិតជាសំខាន់ សំរាប់កីឡាវូវីណាមកម្ពុជា

មាស សុផាណារ៉ុង January 28, 2021


 

ភ្នំពេញ៖ ឯកឧត្តម ស៊ូម សារឿន ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានសង្គត់ធ្ងន់ថា វគ្គចៅក្រម-អាជ្ញាកណ្ដាល ពិតជាសំខាន់ សំរាប់កីឡាវូវីណាមកម្ពុជា។

ការណ៍ថ្លែងបែបនេះ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលចៅក្រម-អាជ្ញាកណ្ដាលកម្រិត “ក” កីឡាវ៉ូវីណាមប្រចាំឆ្នាំ២០២១ ដែលគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា នៅទីលានហ្វឹកហាត់របស់សហព័ន្ធ ស្ថិតក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា កាលពីល្ងាចថ្ងៃទី២៦ ខែមករា។

ប្រធានសហព័ន្ធរូបនេះបានថ្លែងបែបនេះថា៖ «វគ្គបណ្ដុះបណ្ដាលនេះពិតជាសំខាន់ណាស់សម្រាប់កម្ពុជាយើង ព្រោះវាផ្តោតជាសំខាន់ទៅលើច្បាប់ និងបែបបទនៃការប្រកួត ការដាក់ពិន័យ និងការព្រមាន បច្ចេកទេសនៃការដាក់ពិន្ទុ ឲ្យកីឡាករ-កីឡាការិនី ការអនុវត្តជាក់ស្តែងលើទីលាន និងបទបញ្ញត្តិទូទៅនៃកីឡា។ សហព័ន្ធមានកិច្ចការជាច្រើនទៀត ត្រូវបំពេញក្នុងឆ្នាំ២០២១ នេះ គឺបន្តបើកវគ្គបណ្តុះបណ្តាលចៅក្រម និងអាជ្ញាកណ្តាល ឲ្យបានច្រើន ដើម្បីពង្រឹង និងជំរុញអភិវឌ្ឍសមត្ថភាពធនធានចៅក្រម-អាជ្ញាកណ្ដាលឲ្យកាន់តែរីកចម្រើន។»

ឯកឧត្តម ស៊ូម សារឿន បានប្ដេជ្ញាជំរុញការអភិវឌ្ឍន៍សមត្ថភាពចៅក្រម និងអាជ្ញាកណ្ដាលកម្ពុជាឲ្យកាន់រីកចម្រើនថែមទៀត ដើម្បីឈានទៅចូលរួមកាត់សេចក្ដីក្នុងការប្រកួតថ្នាក់តំបន់ និងព្រឹត្តិការណ៍អន្ដរជាតិនានា ហើយរួមចំណែកកសាង និងអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីវ៉ូវីណាមកម្ពុជាប្រកបដោយឧត្តមភាព និងសក្ដានុពល ។

គួបញ្ជាក់ផងដែរថា វគ្គបណ្តុះបណ្តាលចៅក្រម-អាជ្ញាកណ្តាលកម្រិត “ក” ប្រចាំឆ្នាំនេះ បានធ្វើឡើងរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី២១-២៦ ខែមករា ដោយមានសិក្ខាកាមចូលរួម ២៨រូប (ស្រ្តី ៥រូប) មកពីខេត្តស្វាយរៀង, កណ្តាល, កំពង់ចាម, ប៉ៃលិន, ព្រៃវែង, កំពង់ធំ, កំពត, ត្បូងឃ្មុំ, ខេត្តសៀមរាប, ក្លិបនៅក្នុងរាធានីភ្នំពេញ ចំនួន៦ និងក្រសួង ២។ ជាលទ្ធផលសិក្ខាកាមទទួលបាននិទ្ទេសល្អ ៥០% និទ្ទេសមធ្យម ៣០% និងនិទ្ទេសខ្សោយ ២០%៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់