ម្សិលមិញ ល្បុក្កតោកម្ពុជា ផ្លាស់ប្ដូរថ្នាក់ដឹកនាំភ្លាមៗ ខណ:ល្ងាចនេះបើកការប្រកួតជើងឯកថ្នាក់ជាតិ

មាស សុផាណារ៉ុង January 22, 2021


 

ភ្នំពេញ៖ កាលពីរសៀលម្សិលមិញនេះសហព័ន្ធកីឡាល្បុក្កតោ បានរៀបចំសន្និបាតជ្រើសតាំងគណកម្មការប្រតិ្តបតិភ្លាមៗ សម្រាប់អាណតិ្តឆ្នាំ ២០២១-២០២៤។ ខណ:ការជ្រើសតាំងនេះមិនមានបោះឆ្នោត ឣនុម័ត្តដោយការលើកដៃសម្រេចឡើយ គឺប្រកាសឈ្មោះតែម្ដង។

ការផ្លាស់ប្ដូរនេះបានធ្វើភ្លាមៗមុនការប្រកួតចាប់ផ្ដើមបើកជាផ្លូវការ នារសៀលថ្ងៃទី២២ ខែមករា នេះនៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ថ្លែងក្នុងនៅទីស្នាក់ការគណ:កម្មាធិការជាតិឣូឡាំពិកកម្ពុជា អគ្គលេខាធិការសហព័ន្ធ ឯកឧត្តម វ៉ាត់ ចំរើន បានថ្លែងថា៖ «នៅពេលនេះយើងបានឯកភាពគ្នា រួបរួមគ្នា និងចាប់ដៃគ្នា ដើម្បីរួមគ្នាបន្តការអភិរក្ស និងអភិរក្សក្បាច់គុនល្បុក្កតោរបស់កម្ពុជាយើងឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ បើយើងមិនបានឯកភាពគ្នាផ្ទៃក្នុងនោះ យើងក៏មិនអាចដឹកនាំចលនាកីឡាប្រពៃណីវប្បធម៌ជាតិខ្មែរមួយនេះទៅកាន់អន្តរជាតិនោះបានទេ ហើយប្រភេទកីឡាគុនល្បុក្កតោកម្ពុជា ក៏ត្រៀមដឹកនាំការប្រកួត ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។»

គួរបញ្ជាក់ផងដែរថា សមាសភាពសមាជិកប្រតិបត្តិថ្មីនេះ ដែលមានចំនួន ១៩រូប ដោយឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាល្បុក្កតោកម្ពុជា, ឯកឧត្តម កែវ រ៉េមី, លោក ហ៊ុល ប៊ុនថា, លោកព្រឹទ្ធាចារ្យ សាន គឹមស៊ាន, លោកព្រឹទ្ធាចារ្យ ហុក ឈាងគឹម, លោក ហេង ម៉េងហួ ជាអនុប្រធាន។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ ខណៈលោក ជា សុខភួង, លោក សាន អង្គររាជវ័ន្ទ និងលោក អ៊ូ តារា អគ្គលេខាធិការរង, លោក វី តារា ជាអគ្គហិរញ្ញឹក រីឯសមាជិកដទៃទៀត រួមមានលោក ឡាយ រ៉ៃយ៉ុង, លោក រឿន រស្មី, កញ្ញា រឿន សុមានិច, លោក ញ៉ែម ស៊ន, លោក ងួន សុជាតិ, លោក ហែម ចិត្រ្តា, លោក ហុក ភារម្យ និងលោក ចាន់ឬទិ្ធស័ក្ត៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់