សហព័ន្ធកីឡាទោចក្រយាន ទទួលបានថវិកា ខ្នាតយក្សពី Herbalife Nutrition

មាស សុផាណារ៉ុង January 20, 2021


 

ភ្នំពេញ៖ កាលពីរសៀលម្សិលមិញនេះ សហព័ន្ធកីឡាទោចក្រយាន បានបើកសន្និសិទការសែត ប្រកាសបើកការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដោយមានក្រុមអាហារូបត្ថម្ភលំដាប់ពិភពលោក Herbalife Nutrition ជាអ្នកឧបត្តម្ភធំ ដែលមានទឹកប្រាក់រហូតទៅដល់ ២០,៧០០ដុល្លារអាមេរិក។

ថ្លែងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោកស្រី ឈុន ណៃឈីវ តំណាងក្រុមហ៊ុនខាងលើ បានបង្ហាញនូវសេចក្ដីសោមនស្សរីករាយ ចំពោះការក្លាយជាដៃគូឧបត្ថម្ភដល់សហព័ន្ធកីឡាជាតិកម្ពុជា ពិសេសកីឡាទោចក្រយានកម្ពុជា ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍន៍វិស័យកីឡានេះឲ្យកាន់តែរីកចម្រើន និងឈានទៅប្រកួតដោយស្មើមុខមាត់លើឆាកអន្ដរជាតិ ។

លោកស្រី បន្តថា៖ «តាមរយៈយុទ្ធនាការជាសកលរបស់ក្រុមហ៊ុនដើម្បីលុបបំបាត់បញ្ហាកង្វះខាតអាហាររូបត្ថម្ភ ហើយ Herbalife Nutrition ក៏បានប្តេជ្ញាចិត្តក្នុងការនាំយកអាហារូបត្ថម្ភ និងការអប់រំដល់សហគមន៍នៅជុំវិញពិភពលោក។ មិនតែប៉ុណ្ណោះ លោកស្រីក៏សង្ឃឹមថា នឹងក្លាយជាដៃគូសហការយូរអង្វែងជាមួយសហព័ន្ធខ្មែរកីឡាទោចក្រយានផងដែរ។»

ជាមួយគ្នានេះដែរ អគ្គលេខាធិការសហព័ន្ធកីឡាទោចក្រយាន លោក នូ ចំរើន ក៏បានថ្លែងការអរគុណយ៉ាងជ្រោវជ្រៅ ដល់ក្រុមហ៊ុន Herbalife Nutrition ដែល បានជួយដល់ការអភិវឌ្ឍន៍កីឡាទោចក្រយានកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់ការរីកចម្រើន ។

លោកបន្តថា៖ «ពាក់ព័ន្ធនឹងការប្រកួតជ្រើសរើសជើងឯក ដែលរៀបចំនៅក្នុងខេត្តសៀមរាប នាថ្ងៃទី២៣ ខែមករា នេះ មានប្រតិភូ គ្រូបង្វឹក កីឡាករ កីឡាការិនី សរុបចំនួន៣១៩នាក់ មកពី២៤ក្លឹប សមាគមរាជធានី-ខេត្ត ហើយបើបូករួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេស និងអ្នកស្ម័គ្រចិត្តទៀត គឺមានចំនួនសរុបចន្លោះពី៥០០នាក់ដល់៥៥០នាក់ ដើម្បីឲ្យដំណើរការប្រកួតនេះមានភាពរលូនបាន។»

ឆ្នាំនេះព្រឹត្តិការណ៍នៃការប្រកួតរបស់សហព័ន្ធកង់ មានការចូលរួមជួយជ្រោមជ្រែងបើកនាំផ្លូវពីក្លឹបម៉ូតូធំ BMW លើវិញ្ញាសាកង់គួក ដែលពួកគាត់សុទ្ធតែអ្នកស្ម័គ្រចិត្តធ្លាប់មានបទពិសោធន៍ខ្ពស់ ដែលធ្លាប់ចូលរួមជួយរៀបចំព្រឹត្តិការណ៍ប្រណាំងកង់ពិភពលោក ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កាលពីដើមឆ្នាំ២០២០ រួចមកហើយ។

អគ្គលេខាធិការរូបនេះ បានបញ្ជាក់បន្ថែមថា៖ ការប្រកួតឆ្នាំនេះមិនដូចជាបណ្តាឆ្នាំមុនៗនោះទេ ដោយសារយើងត្រូវពង្រឹងលើវិន័យយ៉ាងតឹងរឹងចំពោះកីឡាករ កីឡាការិនី រួមទាំងមន្ត្រីគណៈកម្មការបច្ចេកទេសទៀតផង ពីព្រោះថានេះជាការប្រកួតជើងឯកថ្នាក់ជាតិ ដោយសហព័ន្ធចង់បានការចូលរួមរបស់កីឡាករ កីឡាការិនីប្រកបដោយឆន្ទៈពិតប្រាកដ ដើម្បីប្រកួតប្រជែងអស់ពីសមត្ថភាព៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់