ជើងឯកថ្នាក់ជាតិកីឡាកាយសម្ព័ន្ធ និងពានរង្វាន់ឯកឧត្តម ថោង ខុន គ្រោងធ្វើពាក់កណ្ដាលខែនេះ

មាស សុផាណារ៉ុង January 13, 2021


 

ភ្នំពេញ៖ បន្ទាប់ពីលើកពេលការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានរង្វាន់ឯកឧត្តមបណ្ឌិត ថោង ខុន ឆ្នាំ២០២០ ដោយសារបញ្ហាកូវីដ-១៩ សហព័ន្ធកីឡាមួយប្រភេទនេះ បានសំរេចរៀបចំការប្រកួតរបស់ខ្លួនឡើងវិញ នាពាក់កណ្ដាលខែមករា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីត្រៀមលក្ខណៈទៅប្រកួតស៊ីហ្គេម នៅប្រទេសវៀតណាម។

បើតាមសេចក្ដីប្រកាស របស់សហព័ន្ធបានឱ្យដឹងថា ដោយអនុវត្តតាមកម្មវិធីប្រចាំឆ្នាំរបស់សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាកាយសម្ព័ន្ធ នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ និងពានរង្វាន់ ឯកឧត្តមបណ្ឌិត ថោង ខុន លើកទី៤ ឆ្នាំ២០២០ ដែលនឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនីឆ្នើមប្រចាំឆ្នាំ និងជាលទ្ធផលជ្រើសរើសសម្រាប់ការប្រមូលផ្ដុំឆ្នាំ២០២១ ជាមួយនិងការត្រៀមលក្ខណៈទៅហ្វឹកហាត់នៅសាធារណៈរដ្ឋប្រជាមានិតចិនឆ្នាំ២០២១ នាពេលខាងមុខ ក៏ដូចជាការត្រៀមចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា ជាពិសេសគឺស៊ីហ្គេម នៅប្រទេសវៀតណាម ចុងឆ្នាំនេះ។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាន់ណា បានមានប្រសាសន៍ថា៖ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ នឹងមានការប្រជុំថ្នាក់ដឹកនាំ និងចាប់ឆ្នោត។ នៅក្នុងរយៈពេល ៦ថ្ងៃនៃការប្រកួត សហព័ន្ធទទួលរ៉ាប់រងលើអាហារសម្រាប់មន្ត្រីបច្ចេកទេស គ្រូបង្វឹក កីឡាករ កីឡាការិនី។

លោកបន្តថា ចំពោះវិញ្ញាសាដែលដាក់ឲ្យប្រកួតរួមមាន៖ ផ្នែកកាយសម្ព័ន្ធអាទិស្ទីក-បុរស (Men Artistic Gymnastics) មានចំនួន៨វិញ្ញាសា និងផ្នែកកាយសម្ព័ន្ធអាអេរ៉ូប៊ិកបុរស-នារី មានចំនួន៥វិញ្ញាសា ខណៈលក្ខខណ្ឌនៃការចូលរួមប្រកួត គឺគ្រប់សមាសភាពកីឡាករ កីឡាការិនីទាំងអស់ត្រូវតែស្ថិតនៅក្នុងសមាគម ក្លឹប ដែលទទួលស្គាល់ដោយសហព័ន្ធ មិនកំណត់អាយុ និងមានកាយសម្បទាមាំមួន៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់