សហព័ន្ធកីឡារាំកម្ពុជា តែងតាំងព្រះនាងតូច ជេន ណា ឲ្យក្លាយជាឯកអគ្គរាជទូតសុឆន្ទៈ

មាស សុផាណារ៉ុង January 12, 2021


 

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ព្រះនាងតូច នរោត្តម ជេនណា ត្រូវបានសហព័ន្ធកីឡារាំកម្ពុជា ដែលដឹកនាំដោយលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធ បានតែងតាំងព្រះនាងក្លាយជា ឯកអគ្គរាជទូតសុឆន្ទះរបស់សហព័ន្ធកីឡារាំកម្ពុជា ចាប់ពីពេលនេះតទៅ។

ព្រះនាងតូច នរោត្តម ជេនណា បានថ្លែងបែបនេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានផ្តល់កិត្តិយសយ៉ាងធំធេងមួយដល់រូបខ្ញុំ ដោយលោកជំទាវបានដាក់សំណើរសុំមួយស្នើទៅសម្តេចព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញាត ព្រមទាំងជាព្រះស្ថាបនិកក្រុមហ៊ុន NCJ Empire Studio សម្តេចតានៃខ្ញុំ ដើម្បីអោយខ្ញុំក្លាយជា ឯកអគ្គរាជទូតសុឆន្ទះរបស់សហព័ន្ធកីឡារាំកម្ពុជានេះ។»

ដោយមានការសម្រេចព្រះទ័យព្រះអនុញ្ញាតព្រះរាជទានពីសម្តេចតាព្រះមហិស្សរានៃខ្ញុំ ព្រមទាំងការស្រឡាញ់របស់ខ្ញុំផង ខ្ញុំក្លាយជា “ឯកអគ្គរាជទូតសុឆន្ទះរបស់សហព័ន្ធកីឡារាំកម្ពុជា” ពីពេលនេះតទៅ។

ជាមួយគ្នានេះដែរកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ ខ្ញុំបានចូលរួមជាកិត្តិយសក្នុងកម្មវិធី ប្រកាសជ័យលាភីនៃការប្រកួតកីឡារាំជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ជាមួយលោកជំទាវ តាន់ គីមហួយ កែ គីមសែ តំណាងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សម្តេចយាយទួត និង លោកជំទាវ ឆៃ ច័ន្ទរិទ្ធីសូលីដា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាអនុប្រធានកិត្តិយសសហព័ន្ធកីឡារាំកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជាគណៈអធិបតីនៃកម្មវិធី នេះ។

ព្រះនាងបានថ្លែងបន្តថា៖ «កីឡារាំ ជាកីឡាមួយប្រភេទដែលមានប្រយោជន៍សម្រាប់សុខភាពរបស់ពុកម៉ែបងប្អូនទាំងអស់ ដែលអាចកំសាន្តលំហែផង និងហាត់ប្រាណដើម្បីសុខភាពផង។ ខ្ញុំនឹងចូលរួមជួយរាល់សកម្មភាពទាំងឡាយតាមអ្វីដែលខ្ញុំអាចធ្វើបាន ដើម្បីអោយស្ថាប័នមួយនេះមាននាមល្បីល្បាញជាបន្តទៀត។»

គួបញ្ជាក់ផងដែរថា៖ ផលនៃការប្រកួតវិញ គេឃើញក្លិបដូនពេញ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១៧គ្រឿង រួមមានមេដាយមាស ៨, ប្រាក់ ៦ និងសំរឹទ្ធ ៣ ខណៈក្លិបសន្ធរម៉ុក ឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៦គ្រឿង រួមមានមាស ៤, ប្រាក់ ៤ និងសំរឹទ្ធ ៨ គ្រាដែលក្លិបសៀមរាប ឈរលេខ៣ ដណ្ដើមបានមេដាយសរុប ៧គ្រឿង រួមមានមេដាយមាស ៤, ប្រាក់ ១ និងសំរឹទ្ធ ២៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់