ឆ្នាំ២០២១ គឺជាឆ្នាំ ចាប់ផ្តើមដ៏សំខាន់ និងពិសេស នៃដំណើរឆ្ពោះទៅកាន់ស៊ីហ្គេម ឆ្នាំ២០២៣

មាស សុផាណារ៉ុង December 31, 2020


 

ភ្នំពេញ៖ បន្ទាប់ពីពិនិត្យមើលការងារឆ្នាំ២០២០ រួចរាល់ កាលពីថ្ងៃទី២៩ កន្លងទៅថ្មីៗនេះ គណៈកម្មាធិការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ CAMSOC បានត្រៀមទិសដៅ និង ផែនការថ្មីបន្ថែមទៀតនៅឆ្នាំ២០២១ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗនេះ។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា៖ «ចាប់ពីឆ្នាំ២០២១ តទៅ យើងនឹងធ្វើកិច្ចការទាំងអស់កាន់តែសកម្ម ដោយឆ្នាំ២០២១ គឺជាឆ្នាំ ចាប់ផ្តើមដ៏សំខាន់ និងពិសេស នៃការអនុវត្តឆ្ពោះទៅរៀបចំការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។ បើកាលណាគណៈកម្មការជំនាញទាំងអស់នៃ CAMSOC ដើរដោយស្វាហាប់ឆ្ពោះទៅរកគោលដៅពិតប្រាកដតាមផែនការកំណត់របស់យើង នោះគឺយើងជឿជាក់យ៉ាងមុតមាំថា យើងនឹងទទួលបានៅជោគជ័យ។»

«ចំពោះផែនការទិសដៅបន្តនៅឆ្នាំ២០២១ ត្រូវបានឯកឧត្តមបញ្ជាក់ជូនទៀតថា CAMSOC មានការងារត្រូវបន្តធ្វើច្រើនណាស់ ក្នុងនោះក៏កម្ពុជាត្រៀមខ្លួនចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នាខែវិច្ឆិកា ឆ្នាំ២០២១ នៅប្រទេសវៀតណាម ហើយឆ្នាំ២០២១ គឺត្រូវត្រៀមខ្លួនឲ្យបានរួចរាល់ រីឯឆ្នាំ២០២២ គឺជាឆ្នាំអនុវត្តបន្តនូវអ្វីដែលសម្រេចបាន ក្នុងឆ្នាំ២០២១ ដូច្នេះនៅក្នុងឆ្នាំ២០២១ ខាងមុខនេះ គឺយើងត្រូវសម្រេចឲ្យបាននូវការងារទូទៅនៅក្នុងផ្នែកបច្ចេកទេស ដូចជាទីលានប្រកួត ការកំណត់ប្រភេទកីឡា វិញ្ញាសាប្រកួតថាតើត្រូវកំណត់មានចំនួនប៉ុន្មាន។» ឯកឧត្តមបានបន្ថែម។

សូមបញ្ជាក់ថា នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២១ CAMSOC គ្រោងនឹងរៀបចំមហាសន្និបាតបូកសរុបលទ្ធផល ការងារឆ្នាំចាស់ និងលើកទិសដៅបន្ត ដោយគ្រោងនឹងពិភាក្សាគ្នាបញ្ហាទូទៅ បញ្ហាប្រឈម និងរួមគ្នាដោះស្រាយបញ្ហាប្រឈមឆ្ពោះទៅឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់