កីឡាកម្ពុជា កំពុងសិក្សាលើគម្រោងប្រមូលផ្តុំហ្វឹកហាត់នៅកន្លែងមួយមានសុវត្ថិភាពពីជំងឺកូវីដ-១៩ និងបិទមិនឲ្យចេញចូល

មាស សុផាណារ៉ុង December 24, 2020


 

ភ្នំពេញ៖ ក្រៅអំពីការរៀបចំការងារទូទទៅ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក៏ពឹងផ្អែកទៅលើផ្នែកបច្ចេកទេសរបស់កីឡាករ-កីឡាការិនីជម្រើសជាតិ ផងដែរ ដើម្បីត្រៀមទៅចូលរួមប្រកួតប្រជែងមេដាយក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដោយស៊ីហ្គេម ឆ្នាំ២០២១ គឺជាហ្គេមយុទ្ធសាស្ត្រវាស់ស្ទង់សមត្ថភាពក្រុមជម្រើសជាតិឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃអង្គារ៍។

ឯកឧត្តមមានប្រសាសន៍ថា៖ «នៅក្នុងការត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម គឺការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជា កំពុងត្រូវបានក្រសួងអប់រំ យុវជន និងកីឡា, មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក៏ដូចជាអគ្គនាយកដ្ឋានកីឡា យកចិត្តទុកដាក់ពង្រឹងយន្តការលើការប្រមូលផ្តុំហ្វឹកហាត់ឲ្យមានប្រសិទ្ធភាពជាងមុនដែរ ខណៈដែលក្នុងស្ថានភាពនៃវិបត្តិជំងឺកូវីដ-១៩នេះ ក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ ត្រូវបានរំសាយការហ្វឹកហាត់លក្ខណៈប្រមូលផ្តុំ និងបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ឬបំបែកជាក្រុមតូចៗ។ ពេលនេះយើងឃើញថា ម្ចាស់ផ្ទះវៀតណាមបានកំណត់ បង្ហាញប្រភេទកីឡា ដែលភាគច្រើនមានប្រភេទកីឡាសក្តានុពលរបស់កម្ពុជាស្ទើរតែចូលទាំងអស់ហើយ ដូចជាប្រភេទកីឡាជឺជីតស៊ូ ប៉េតង់ និងតេក្វាន់ដូជាដើម លើកលែងតែប្រភេទកីឡាម៉ូតូទឹក (Jet-Ski) មួយប៉ុណ្ណោះដែលមិនត្រូវបានដាក់បញ្ជូលឲ្យប្រកួតប្រជែងមេដាយ។ ដូច្នេះហើយ ដើម្បីត្រៀមលក្ខណៈប្រជែងមេដាយឲ្យបានច្រើន គឺយើងកំពុងសម្រួចគោលដៅឲ្យកាន់តែល្អប្រសើរ តាមរយៈផែនការបញ្ជូនកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា ចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន នៅចន្លោះខែមិថុនា ឬខែកក្កដា ឆ្នាំ២០២១ នៅក្នុងពេលដែលស្ថានភាពនៅទីនោះថាអាចនឹងទទួលយកការហ្វឹកហាត់របស់ក្រុមជម្រើសជាតិកម្ពុជាបាន។»

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា៖ «ការហ្វឹកហាត់នៅប្រទេសចិន គឺយើងសង្ឃឹមថា គុណភាពបច្ចេកទេសរបស់ក្រុមជម្រើសជាតិកម្ពុជា នឹងអាចមានសន្ទុះកើនឡើងខ្លាំង ដែលកម្ពុជាគ្រោងនឹងបញ្ជូនក្រុមជម្រើសជាតិចន្លោះពី ១២ ទៅ ១៣ប្រភេទកីឡា ក្នុងចំណោមប្រភេទកីឡាសរុបជិត ៣០ប្រភេទកីឡា ដែលត្រៀមស៊ីហ្គេម ឆ្នាំ២០២១ នៅវៀតណាម ហើយបន្ទាប់ពីបញ្ចប់ការប្រកួតស៊ីហ្គេម នៅវៀតណាម ក្រុមជម្រើសជាតិ នឹងត្រូវបន្តទៅហ្វឹកហាត់នៅប្រទេសចិនដដែល ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។»

«ឥឡូវនេះ យើងកំពុងពិភាក្សាគ្នាពីផែនការទី២ ដែលក្រុមជម្រើសជាតិមិនអាចសម្រាកអសកម្ម ឬហ្វឹកហាត់សកម្មក្នុងទម្រង់តិចតួចដូចបច្ចុប្បន្ន នៅក្នុងកម្រិតជំនាញកីឡាកម្រិតខ្ពស់បែបនេះបានទេ។ បើនៅប្រទេសគេ ក្រុមជម្រើសជាតិ ត្រូវបានប្រមូលផ្តុំនៅកន្លែងមួយមានសុវត្ថិភាពពីជំងឺកូវីដ-១៩ ហើយគេបិទកន្លែងហ្វឹកហាត់នោះមិនអនុញ្ញាតឲ្យចេញចូលឡើយ ហើយកម្ពុជាក៏កំពុងតែសិក្សាលើគម្រោងនេះដែរ ប្រសិនបើយើងមិនអាចប្រមូលផ្តុំហ្វឹកហាត់តាមផែនការទី១ បាននោះ។ ដូច្នេះហើយនៅក្នុងឆ្នាំនេះ គឺយើងត្រូវរៀបចំផែនការណាមួយ ក្នុងចំណោមផែនការទាំងពីរនេះឲ្យខាងតែបាន ដើម្បីសម្រួចគោលដៅ បច្ចេកទេសក្នុងការប្រកួតប្រជែងមេដាយ ពីព្រោះថា ពេលវេលាកាន់តែខើចទៅៗ។» សម្ដីរបស់ឯកឧត្តម។

ចំពោះផែនការទី២ នេះ អាចប្រមូលផ្តុំនៅក្នុងកន្លែងបិទមិនអនុញ្ញាតឲ្យចេញចូលនៅក្នុងស្រុក ប៉ុន្តែត្រូវអញ្ជើញគ្រូបរទេសមានគុណភាពខ្ពស់ ឲ្យមកជួយបង្វឹកបច្ចេកទេសដល់ក្រុមជម្រើសជាតិ។ ទោះយ៉ាងនេះក្តី ក៏ការហ្វឹកហាត់បិទទ្វារបែបនេះមិនទាន់អាចមានប្រសិទ្ធភាពល្អ ១០០% នោះទេ ដោយការហ្វឹកហាត់ត្រូវការហ្វឹកហាត់ ឬប្រកួតជាមួយកីឡាករ-កីឡការិនីបរទេសផងដែរ ដើម្បីជាការវាស់ស្ទង់គុណភាពបច្ចេកទេស។

នៅឆ្នាំ២០២១ បើស្ថានភាពវិបត្តិជំងឺនេះធូរស្រាល CAMSOC មានផែនការនឹងបញ្ជូនក្រុមជម្រើសជាតិទៅហ្វឹកហាត់នៅក្រៅប្រទេសរយៈពេលខ្លីចន្លោះពី ១សប្តាហ៍ ទៅ ១ខែ ម្តងមួយប្រភេទកីឡាជាដើម ប្រសិនបើមិនមានការផ្លាស់ប្តូរក្នុងការហ្វឹកហាត់ ឬការប្រកួតជាមួយដៃគូល្អៗទេ គឺនឹងអាចធ្វើឲ្យមានបញ្ហាស័ក្តិសិទ្ធភាពបច្ចេកទេសផងដែរ។ ជាមួយគ្នានោះសហព័ន្ធកីឡាអន្តរជាតិមួយចំនួន បានប្រកាសពីការប្រកួតជាបណ្តើរហើយ ចាប់ពីខែមីនា ឆ្នាំ២០២១ តទៅ ដូចជាការប្រកួតជើងឯកពិភពលោក និងជើងឯកអាស៊ីជាដើម៕

 

ប្រភព និងរូបភាព៖ Cambodia SEA GAMES 2023

មតិយោបល់