NOCC មានផែនការពង្រីកវិសាលភាពនៃកម្មវិធី អប់រំគុណតម្លៃអូឡាំពិក នាឆ្នាំ២០២១

មាស សុផាណារ៉ុង December 2, 2020


 

ភ្នំពេញ៖ បន្ទាប់ពីបញ្ចប់កម្មវិធី អប់រំគុណត្លៃអូឡាំពិក ទាំង ៦លើក នៅតាមបណ្ដាលរាជធានី-ខេត្ត កាលពីពេលថ្មីៗនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) គ្រោងពង្រីកវិសាលភាពកម្មវិធីនេះ ឱ្យធំទូលាយច្រើនសាលារៀន និងការប្រមូលផ្តុំសិស្សានុសិស្សឲ្យច្រើនទាំងសាលារដ្ឋ និងសាលាឯកជន នៅឆ្នាំ២០២១ ខណៈដែលឆ្នាំនេះរៀបចំតូចដោយសារបញ្ហាកូវីត។ នេះបើតាមសម្ដីរបស់ អនុប្រធានគ្រប់គ្រងគម្រោងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក ប៊ុយ សុភ័ណ្ឌ ។

លោកបានថ្លែងបែបនេះ ក្រោយពេលដែល NOCC បានបញ្ចប់បេសកម្មរបស់ខ្លួន លើកចុងក្រោយ នៅក្នុងវិទ្យាល័យ ព្រះសីហនុ ខេត្តកំពង់ចាម កាលពីចុងសប្ដាហ៍មុននេះ។

លោកបានលើកឡើងថា៖ «វិទ្យាល័យព្រះសីហនុនេះគឺមានហេដ្ឋារចនាសម្ព័ន្ធកីឡាច្រើន ហើយសិស្សានុសិស្សនៅទីនេះក៏បានយល់ដឹងច្រើនពីវិស័យកីឡា ក៏ដូចជាបានដឹងពីដំណើរការត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) នាឆ្នាំ ២០២៣ផងដែរ។ សិស្សានុសិស្សនៅទីនេះបានយល់ដឹងច្រើនដែរ ហើយយើងបានពន្យល់បន្ថែម ដើម្បីបញ្រ្ជាបការយល់ដឹងជូនដល់ពួកគាត់ឲ្យកាន់តែយល់ដឹងកាន់តែស៊ីជម្រៅបន្ថែមទៀត។»

«គោលបំណងរបស់យើង គឺបញ្រ្ជាបបន្ថែមនូវអ្វីដែលជា គុណតម្លៃអូឡាំពិក និងចលនាអូឡាំពិក ដែលជាគុណតម្លៃដ៏ សំខាន់ ដែល NOCC ខិតខំផ្សព្វផ្សាយជូនដល់មហាជន ក៏ដូចជាសិស្សានុសិស្ស ទាំង៦កម្មវិធីនៅតាមរាជធានីខេត្តកន្លងមកនេះ។»

ជាមួយគ្នានេះដែរ លោក ថាវ សុខផល នាយកវិទ្យាល័យព្រះសីហនុបានលើកឡើងថា «ក្នុងនាមយើងខ្ញុំជាគណៈគ្រប់គ្រងវិទ្យាល័យ សិស្សានុសិស្សទាំងអស់ យើងខ្ញុំពិតជាមានក្តីរីករាយយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលសម្រេចទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម និងអាស៊ានប៉ារ៉ហ្គេម ឆ្នាំ២០២៣ ហើយយើងទាំងអស់គ្នាសូមចូលរួមគាំទ្រយ៉ាងពេញទំហឹង និងជួយជំរុញទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ឲ្យបានខ្លាំងក្លា ក្នុងការចូលរួមក្នុងដំណើរឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ កីឡាថ្នាក់តំបន់ជាលើកដំបូងរបស់កម្ពុជាផងដែរ»

 

អត្ថបទ៖ រីយ៉ា

មតិយោបល់