សិក្ខាកាមជាង៦០% ទទួលនិទ្ទេសល្អ ពីវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាទាញព្រ័ត្រ

មាស សុផាណារ៉ុង December 2, 2020


 

ភ្នំពេញ៖ បន្ទាប់ពីធ្វើការសិក្សាអស់រយៈពេល ៣ថ្ងៃរួចមក សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានសង្កេតឃើញសិក្ខាកាមចំនួន ២៨នាក់ ទទួលបាននិទ្ទេសល្អជាង ៦០ភាគរយ និទ្ទេសល្អបង្គួរ ៣៥ភាគរយ សិក្ខាកាមទទួលនិទ្ទេស មធ្យមស្មើ ១៥ភាគរយ នៅក្នុងវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាទាញព្រ័ត្រកម្រិត២ ឆ្នាំ២០២០។

លោក ប្រាក់ សុជាតិ អនុប្រធានសហព័ន្ធ បានបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងស្របតាមផែនការរបស់សហព័ន្ធក្នុងការកសាងធនធានមនុស្ស ពិសេសគឺធនធានគ្រូបង្វឹក ដើម្បីចូលរួមបណ្ដុះបណ្ដាលកីឡាករ-កីឡាការិនី តាមរាជធានី-ខេត្ត និងផលិតកីឡាករ-កីឡាការិនីឆ្នើមឲ្យបានច្រើន សម្រាប់ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ។

លើសពីនេះ ក្នុងនាមសហព័ន្ធ លោកក៏បានប្ដេជ្ញាចិត្ត និងកៀគរការឧបត្ថម្ភនានា ដើម្បីយកមអភិវឌ្ឍន៍ និងលើកស្ទួយវិស័យកីឡាប្រពៃណីជាតិខ្មែរមួយនេះឲ្យកាន់តែផុសផុល ទាំងថ្នាក់ជាតិ និងអន្ដរជាតិថែមទៀត ។ ហើយលោក៏សង្ឃឹមថា ក្រុមហ៊ុនឯកជន និងសប្បុរសជននានា នឹងចូលរួមសហការគាំទ្រ និងអភិវឌ្ឍន៍វិស័យកីឡាទាញព្រ័ត្រកម្ពុជាផងដែរ ។

ថ្លែងនៅក្នុងពិធីប្រគល់លិខិតបញ្ជាក់ការសិក្សា អគ្គលេខាធិការ នៃសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោកស្រី ប្រាក់ សម្ជស្ស បានមានប្រសាសន៍ថា៖ «ចំណុចខ្លាំងដែលយើងទទួលបាននោះគឺការយកចិត្តទុកដាក់ និងណែនាំពី លោកគ្រូ និងអ្នកគ្រូឧទ្ទេស ទទួលឧបត្ថម្ភគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា និងរៀបចំផែនការកម្មវិធី ឯកសារបណ្តុះបណ្តាលបានល្អ ចំណែកចំណុចខ្សោយវិញថវិកា រៀបចំនូវមានកម្រិតទាប គ្មានសប្បុរសជន ចូលរួមសហការឧបត្ថម្ភ និងសិក្ខាកាមនៅតាមបណ្តាខេត្តមិនបានចូលរួមច្រើនដោយពុំមានលទ្ធភាពដោះស្រាយថវិកា សម្រាប់ការហូកចុក ស្នាក់នៅ។»

គួបញ្ជាក់ផងដែរថា៖ ពិធីបិទវគ្គបណ្ដុះបណ្ដាល គ្រូបង្វឹកកីឡាទាញព្រ័ត្រកម្រិត២ ឆ្នាំ២០២០នេះ មានការអញ្ជើញ ចូលរួមពីលោក ប្រាក់ សុជាតិ អនុប្រធានទី១ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា តំណាងលោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡា ទាញព្រ័ត្រកម្ពុជា និងលោក លី ហួត អនុប្រធានកិត្តិយស របស់សហព័ន្ធនៅទីស្នាក់ការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់