ប្រធានសហព័ន្ធ តេក្វាន់ដូ ITF នឹងលាលែងពីតំណែង បើកម្ពុជាមិនអាចឈ្នះមេដាយ ១៥គ្រឿង នៅស៊ីហ្គេម ២០២៣

មាស សុផាណារ៉ុង December 1, 2020


 

ភ្នំពេញ៖ ថ្លែងនៅក្នុងពិធីបិទការប្រកួតកីឡាតេក្វាន់ដូ ITF ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ ២០២០ កាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា ឯកឧត្តម កែវ រ៉េមី បានដាក់គោលដៅដណ្ដើមមេដាយឲ្យបានយ៉ាងហោច ១៥គ្រឿង ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ (SEA Games 2023)។

ឯកឧត្តមថ្លែងថា៖ «ក្នុងនាមជាប្រធាន ខ្ញុំធ្លាប់ជម្រាបថ្នាក់ដឹកនាំដែរថា បើសិនជាតេក្វាន់ដូ ITF ប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ មិនបានមេដាយមាសច្រើនទេ និយាយឲ្យច្បាស់ហ្មង ខ្ញុំសូមលាឈប់ហ្មង ឈប់ធ្វើប្រធាន ហើយទុកឲ្យថ្នាក់ដឹកនាំក្រោយគេធ្វើប្រធាន។ អញ្ចឹងសូមបងប្អូន ក្មួយៗ ខំឲ្យមែនទែន ហើយមានតែប៉ុណ្ណឹងទេ ដែលជាមោទនភាព ហើយប្លែកសម្រាប់ ITF យើង ដែលសង្ឃឹមថា នឹងទទួលបានជ័យជម្នះនាំមុខមាត់សម្រាប់ជូនជាតិមាតុភូមិ។»

ដូចទៅហ្នឹងការលើកឡើងពីសំណាក់ ឯកឧត្ដម អ៊ុក សិទ្ធិជាតិ និងតំណាងស្ថាប័នកីឡាដែលបានទុកចិត្តលើក្រុម ITF នឹងធ្វើបានល្អ យកមេដាយជូនប្រទេសបានច្រើននៅស៊ីហ្គេម ២០២៣ ហេតុនេះហើយកីឡាករមិនអាចបណ្ដោយខ្លួន ឬបន្ថយការហ្វឹកហាត់នោះទេ។ ការទុកចិត្ត ផ្ដោតក្ដីសង្ឃឹមមកលើ ITF នេះវាធំធេងណាស់ ដូច្នេះមិនត្រូវអរសប្បាយ និងលទ្ធផលពេលនេះទម្លាក់ការហ្វឹកហាត់ ឬបណ្ដោយខ្លួនឲ្យធ្លាក់គុណផលកីឡានោះទេត្រូវប្រឹងទ្វេដង។

«ខ្ញុំបានស្នើសុំគាត់ (អគ្គនាយកដ្ឋានកីឡា) និង CAMSOC ពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ ដាក់តេក្វាន់ដូ ITF មុនគេ ដើម្បីនាំមុខហ្មង! ការណាយកបានមេដាយមាសបានមុនគេហើយ កីឡាផ្សេងៗ ទៀត គាត់នឹងខំប្រឹងឡើង គឺថាល្អមែនទែន។ តែបើនាំមុខចាញ់ អាហ្នឹងអត់ស្រួលទេ អ្នកតាមផ្សេងទៀត វារៀងដូចល្វើយៗ តែបើអាមួយទៅមុនដំបូង ហ៊ោរទះដៃបានមេដាយមាសហើយ អាផ្សេងទៀត ដូចហែលទឹកជាដើម ដឹងតែហែលដាច់ជើងចោលហើយ….»។ ឯកឧត្តមបានបន្ត។

គួបញ្ជាក់ផងដែរថា៖ ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិរបស់ខ្លួនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងពហុកីឡដ្ឋានជាតិ។ សម្រាប់ក្លិបចូលរួមសរុប ១៩រាជធានីខេត្ត។ ចំណាត់ថ្នាក់លេខ១ បានទៅ ក្រសួងមហាផ្ទៃ សរុបមេដាយ ១៤គ្រឿង មាស១០ ប្រាក់២ និងសំរឹទ្ធ២, ចំណាត់ថ្នាក់លេខ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបមេដាយ ៩គ្រឿង មាស៥ ប្រាក់២ និងសំរឺទ្ធ២ និងចំណាត់ថ្នាក់លេខ៣ ស.ស.យ.ក កំពង់ស្ពឺ សរុបមេដាយ ១០គ្រឿង មាស៣ ប្រាក់៤ និងសំរឹទ្ធ៣៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់