ប្រធានសហព័ន្ធកីឡាអត្តពលកម្ម ដាក់ផែនការកំណែទម្រង់៤ចំណុច សម្រាប់ត្រៀមស៊ីហ្គេម

មាស សុផាណារ៉ុង November 30, 2020


 

ភ្នំពេញ៖ បន្ទាប់ពីវាយតម្លៃកម្រិតបច្ចេកទេស របស់ក្រុមកីឡាករការីនីអត្តពលកម្ម នៅក្នុងព្រឹត្តិការណ៍ជើងឯកថ្នាក់ជាតិឆ្នាំ២០២០ កាលពីចុងសប្ដាហ៍មុននោះ ប្រធានសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា ឯកឧត្តម អ៊ុក សិទ្ធជាតិ បានដាក់កំណែទម្រង់ ៤ចំណុចធំៗ ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ ។

កំណែទម្រង់ ៤ចំណុចសំខាន់ៗនេះ គឺទី១ ការកែលម្អជួសជុលហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត ទី២ ការបណ្តុះបណ្តាលធនធានមនុស្ស ទី៣ កំណែទម្រង់ការប្រកួត និងទី៤ ពង្រឹងសហព័ន្ធកីឡាជាតិ ដែលក្នុងនោះការកែទម្រង់ការប្រកួត ដោយការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ គឺជាការប្រកួតមួយក្នុងកម្រិតខ្ពស់បំផុត។ សម្រាប់វិញ្ញាសាអត្តពលកម្ម ក្នុងស៊ីហ្គេម ត្រូវមាន ៤៧វិញ្ញាសា ហើយបច្ចុប្បន្ន កម្ពុជាបានត្រៀម ២៤វិញ្ញាសា គឺប្រមាណ ៥០%ហើយ ហើយនៅសល់ពេល ២ឆ្នាំទៀត ត្រូវតែពង្រីកធ្វើយ៉ាងណា ឲ្យត្រូវតាមស្តង់ដារអន្តរជាតិ។ នេះជាប្រសាសន៍របស់ឯកឧត្តម អ៊ុក សិទ្ធជាតិ។

ឯកឧត្តមបន្តថា៖ «ការទទួលរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣ ក្នុងអំឡុងខែឧសភា គឺកម្ពុជានៅសល់ពេលមិនច្រើនទេ ពោលគឺនៅសល់ពេលប្រមាណ ៨៩០ថ្ងៃប៉ុណ្ណោះ ក្នុងការហាត់ហ្វឹកហ្វឺនឲ្យមានសិទ្ធផលខ្ពស់ ដើម្បីប្រកួតប្រជែងមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ។»

អ្វីដែលសហព័ន្ធត្រូវធ្វើ គឺការទទួលនូវបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ គឺការបណ្តុះបណ្តាលកីឡាករ កីឡាការិនី ការបណ្តុះបណ្តាលមន្ត្រីបច្ចេកទេស ដើម្បីបម្រើដល់ការកាត់សេចក្តីការប្រកួត ក្នុងពេលស៊ីហ្គេម ២០២៣ ដែលកិច្ចការទាំងអស់នេះ សហព័ន្ធកំពុងធ្វើជាបណ្តើរៗ ដោយផ្អែកតាមកំណែទម្រង់របស់ក្រសួងអប់រំ យុវជន និងកីឡា និងផែនការសកម្មភាពរបស់សហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត។

ជាមួយគ្នានេះដែរ លោកបានប្រៀបធៀបទៅលើគុណផលកីឡារបស់កីឡាករ កីឡាការិនី ដែលប្រកួតជើងឯកឆ្នាំ២០២០ នេះ មានកម្រិតខ្ពស់ល្អជាងកាលពីឆ្នាំ២០១៩ កន្លងទៅ ប៉ុន្តែបើពិនិត្យលើគុណផល ប្រៀបធៀបនឹងការប្រកួតស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន កន្លងមកនោះ គឺមិនទាន់ឈានទៅដល់កម្រិតគុណផល ស៊ីហ្គេម នៅឡើយទេ។

ដូច្នេះហើយ ក្នុងនាមគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ ឯកឧត្តមបានសំណូមពរដល់ក្រសួងការពារជាតិ ក្រសួងមហាផ្ទៃ សមាគម-ក្លឹបរាជធានីខេត្ត បន្តកិច្ចខិតខំបន្ថែមទៀត ដើម្បីចូលរួមប្រកួតប្រជែងមេដាយច្រើនជូនជាតិមាតុភូមិ ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ តាមសន្ទស្សន៍មេដាយរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលដាក់ឲ្យសហព័ន្ធកីឡាជាតិនានា៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់