ខេត្តបាត់ដំបង វៃផ្ដាច់ពានជើងឯកថ្នាក់ជាតិកីឡាទាញព្រ័ត្រ ឆ្នាំ២០២០

មាស សុផាណារ៉ុង November 27, 2020


 

ភ្នំពេញ៖ ឆ្នាំ២០២០នេះ ក្រុមកីឡាទាញព្រ័ត្រ ដែលមកពីខេត្តបាត់ដំបង ដណ្ដើមបានពានថ្នាក់ជាតិទាំងវិញ្ញារបុរស និងនារី បន្ទាប់ពីប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃ នៅវិមានពហុកីឡដ្ឋានជាតិ ដោយមាន២២ក្រុមចូលរួមប្រកួត។

ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា លោក មាស សារិន បានវាយតម្លៃខ្ពស់ ចំពោះការប្រកួតប្រជែងរបស់កីឡាករ-កីឡាការិនី នៃក្រុមនីមួយៗ ឆ្នាំនេះ ដែលមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ទាំងសមត្ថភាព និងបច្ចេកទេស។ ដូច្នេះលោកបានលើកទឹកចិត្តឲ្យកីឡាករ-កីឡាការិនីទាំងអស់ បន្ដការខិតខំបន្ថែមទៀត ដើម្បីលើកកម្ពស់កិត្យានុភាពប្រភេទកីឡាប្រពៃណីជាតិមួយនេះលើឆាកអន្ដរជាតិ។

ពិសេសលោកជំរុញសមាគម និងក្លិបទាំងអស់ ត្រូវបង្កើនការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមការប្រកួតកីឡាទាញព្រ័ត្រលក្ខណៈទេសចរណ៍មួយ នាចុងឆ្នាំ២០២១ នៅខេត្តសៀមរាប គឺការប្រកួតកីឡាទាញព្រ័ត្រអន្ដរជាតិសុច្ឆន្ទៈជើងឯកសមាគម។ ការប្រកួតនេះ ដំបូងឡើយគ្រោងប្រកួតចុងឆ្នាំ២០២០ តែដោយសារវិបត្តិកូវីដ-១៩ សហព័ន្ធក៏សម្រេចលើកការប្រកួតទៅឆ្នាំក្រោយវិញ៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់