២២ក្រុមប្រជែងជើងឯកកីឡាទាញព្រ័ត្រ ថ្នាក់ជាតិ ឆ្នាំ២០២០ តែ ១វិញ្ញាសារ

មាស សុផាណារ៉ុង November 26, 2020


 

ភ្នំពេញ៖ ដើម្បីបង្ការ និង ទប់ស្កាតនៃរីករាលជំងឺកូវីដ-១៩ សហព័ន្ធកីឡាទាយព្រ័ត្រកម្ពុជា បានរៀបចំឱ្យមានវិញ្ញាសារប្រកួតតែ១ ប៉ុណ្ណោះ ដោយប្រកួតរយៈពេល ២ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៦-២៧ ខែវិច្ឆិកា នេះ នៅពហុកីឡដ្ឋានជាតិ។

កញ្ញា មាស តឿ អគ្គលេខាធិការស្ដីទីសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានឱ្យដឹងថា៖ «ឆ្នាំនេះ យើងលេងតែវិញ្ញាសា ៤នាក់ ទល់នឹង ៤នាក់ទេ ដោយសារវិញ្ញាសា ៨ នាក់ ទល់នឹង ៨ នាក់ មានអ្នកចូលរួមច្រើន។ តែដោយសារយើងត្រូវកាត់បន្ថយ និងការពារជំងឺកូវីដ-១៩ ផង សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា គឺបានលើកតែវិញ្ញាសា ៤នាក់ ទល់នឹង ៤នាក់ មកប្រកួតជើងឯកថ្នាក់ជាតិឆ្នាំនេះ។»

ជើងឯកទាញព្រ័ត្រថ្នាក់ជាតិឆ្នាំនេះ គឺមាន ២២ក្រុមចូលរួម ក្នុងនោះគឺមានផ្នែកបុរស ១២នាក់ក្រុម និងផ្នែកនារី ១០ក្រុម ដែលមានការកើនឡើងច្រើន បានធៀបនឹងឆ្នាំមុន។ ប៉ុន្ដែដើម្បីចូលរួមអនុវត្តនូវិធានការក្រសួងសុខាភិបាល សហព័ន្ធបានរៀបចំការប្រកួតតែ ១វិញ្ញាសាប៉ុណ្ណោះ គឺវិញ្ញាសា ៤នាក់ ទល់នឹង ៤នាក់ ខណៈវិញ្ញាសា ៨នាក់ ទល់នឹង ៨នាក់ ត្រូវបានកាត់ចេញ ដើម្បីចៀសវាងការប្រមូលផ្ដុំមនុស្សច្រើន ។ ការប្រកួតនេះ គឺទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

ជាមួយគ្នានេះដែរ សហព័ន្ធបានវាយតម្លៃខ្ពស់ ចំពោះក្រុមចូលរួមប្រកួតឆ្នាំនេះ ដែលមានការកើនសមត្ថភាព និងបច្ចេកទេសគួរឲ្យកត់សម្គាល់ ផ្ទុយពីឆ្នាំមុនៗ ដោយសារការមិនទាន់យល់ច្បាស់ពីបច្ចេកទេសប្រកួត បានធ្វើឲ្យកីឡាករ-កីឡាការិនីមានរបួសច្រើន។ ដូច្នេះនេះគឺជាសញ្ញាណវិជ្ជមានមួយទៀត នៃការរីកចម្រើនរបស់កីឡាទាញព្រ័ត្រកម្ពុជា ឆ្ពោះទៅរកការប្រកួតលក្ខណៈអន្ដរជាតិ ក៏ដូចជាស៊ីហ្គេម ផងដែរ៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់