តំណាង NOCC សង្គេតឃើញ ប្រជាពលរដ្ឋ និងយុវជនភាគច្រើនបានស្គាល់ពីកីឡាស៊ីហ្គេម

មាស សុផាណារ៉ុង November 26, 2020


 

ភ្នំពេញ៖ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បើកភ្លើងខៀវទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម និងមានការផ្សព្វផ្សាយជាបន្ដបន្ទាប់ពីកម្មវិធីកីឡានានាទាំងកម្មវិធី របស់ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិក មកទល់ពេលនេះប្រជាពលរដ្ឋ និងយុវជនស្ទើរគ្រប់គ្នា គឺបានស្គាល់ពីកីឡាស៊ីហ្គេម និងការប្រកួតអន្ដរជាតិនានា។

ជាមួយនឹងការផ្សព្វផ្សាយនេះដែល គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីអប់រំកីឡាជាច្រើន ដោយក្នុងឆ្នាំនេះ NOCC បានកំពុងបញ្ជ្រាបការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ក្រោមរូបភាពផ្សេងៗ គេសង្កេតឃើញប្រជាពលរដ្ឋ និងសិស្សានុសិស្ស មានការចាប់អារម្មណ៍ និងយល់ដឹងច្រើន ក្នុងនោះមានសិស្សានុសិស្ស និងមហាជនប្រមាណ ៨០% បានដឹងពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ព្រមទាំងព្រឹត្តិការណ៍កីឡាធំៗទាំង៣ រួមមានកីឡាអូឡាំពិក កីឡាអាស៊ី និងស៊ីហ្គេម ផងដែរ។

ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោង NOCC លោក តុប បញ្ញា បានមានប្រសាសន៍ក្រោយចប់កម្មវិធី គុណតម្លៃអូឡាំពិក នៅវិទ្យាល័យឬស្សីកែវ ថា៖ «កម្មវិធីអប់រំគុណតម្លៃអូឡាំពិកនេះ ខាង NOCC បានរៀបចំទាំងលើកនេះគឺ ៥លើកហើយ ក្រោមគោលបំណងដដែល ពោលគឺដើម្បីផ្សព្វផ្សាយពីគុណតម្លៃអូឡាំពិក និងបញ្ជ្រាបនូវយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ នៃដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ តាមការគ្រោងទុក ចុងសប្ដាហ៍នេះ NOCC នឹងបន្ដរៀបចំកម្មវិធីមួយទៀត នៅវិទ្យាល័យព្រះសីហនុ ខេត្តកំពង់ចាមបន្ថែមទៀត។»

«បន្ទាប់ពីយើងចុះធ្វើការផ្សព្វផ្សាយ តាមមូលដ្ឋាន យើងសង្កេតឃើញប្រជាជន និងសិស្សានុសិស្សសឹងគ្រប់គ្នា គាត់ស្គាល់ពីស៊ីហ្គេម និងការប្រកួតអន្ដរជាតិផ្សេងៗ។ ខ្ញុំចាប់អារម្មណ៍ ពេលខ្ញុំជួបគាត់ខាងក្រៅ ពេលខ្ញុំសួរគាត់ ស្គាល់កីឡាអូឡាំពិក កីឡាអាស៊ី និងកីឡាស៊ីហ្គេមអត់? ភាគច្រើន ១០នាក់ គឺមាន ៨នាក់ស្គាល់ ហើយសល់ ២នាក់ទៀត ខ្ញុំជឿថា មិនយូរទេ ពួកគាត់នឹងយល់ដឹងទាំងអស់គ្នា ហើយពួកយើងនឹងខិតខំផ្សព្វផ្សាយបន្ដទៀត ព្រោះស៊ីហ្គេមរបស់យើងជិតដល់ហើយ» ប្រធានគម្រោងរូបនេះបន្ថែម៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់