CAMSOC កំណត់កាលបរិច្ឆេទរៀបចំសិក្ខាសាលាថ្នាក់ជាតិអប់រំសង្គម ស្ដីពីដំណើរឆ្ពោះទៅស៊ីហ្គេម-២០២៣

មាស សុផាណារ៉ុង November 24, 2020


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ថ្មីៗនេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំបន្ទាន់មួយ ក្នុងគោលដៅរៀបចំកម្មវិធី សិក្ខាសាលាថ្នាក់ជាតិអប់រំសង្គមពីដំណើរឆ្ពោះទៅស៊ីហ្គេម-២០២៣ ។

អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា ឯកឧត្តម វ៉ាត់ ចំរើន បានមានប្រសាសន៍ថា៖ «កិច្ចប្រជុំនេះ គឺដើម្បីប្រើប្រាស់នូវយន្ដការនានា ពាក់ព័ន្ធនឹងយុទ្ធនាការផ្សេងៗ ដែលយើងត្រូវធ្វើអំឡុងពេលបើកយុទ្ធនាការទូទាំងប្រទេសជាផ្លូវការ ក្នុងយុទ្ធនាការអប់រំសង្គម ដែលមានពាក់ព័ន្ធទៅនឹងយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ និងយុទ្ធនាការការយល់ដឹងពីបរិស្ថានសង្គម ដូចជាបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម។»

សិក្ខាសាលាថ្នាក់ជាតិនេះ នឹងធ្វើឡើងនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ ដោយអនុវត្តតាមវិធានទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមានអ្នកចូលរួមប្រមាណ២០០ ទៅ ៣០០នាក់ប៉ុណ្ណោះ ហើយអ្នកចូលរួម គឺជាគោលដៅមនុស្សគន្លឹះ ដែលរួមចំណែកជំរុញក្នុងការផ្សព្វផ្សាយនូវយុទ្ធនាការនានា រួមមានអាជ្ញាធរ ឬអភិបាលរាជធានី-ខេត្ត ទាំង២៥ សហព័ន្ធកីឡាជាតិ អង្គរការកីឡាជាតិ និងអន្ដរជាតិជាដើម។

គួបញ្ជាក់ផងដែរថា៖ សិក្ខាសាលាថ្នាក់ជាតិនេះ រៀបចំឡើងក្រោមការចង្អុងបង្ហាញរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC មុនសម្ដេចពិជ័យសេនា ប្រកាសបើកយុទ្ធនាការអប់រំសង្គមទូទាំងប្រទេស រួមមានយុទ្ធនាការប្រជាជនម្នាក់លេងកីឡាមួយមុខ យុទ្ធនាការកម្ពុជាស្អាត និងបដិសណ្ឋារកិច្ចល្អ និងយុទ្ធនាការការយល់ដឹងពីបរិស្ថានសង្គម ដូចជាបញ្ហាគ្រឿងញៀន និងគ្រោះថ្នាក់ចរាចរណ៍ជាដើម៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់