វ៉ាត់ ចំរើន៖ ការអប់រំចលនាអូឡាំពិក នៅតាមគ្រឹះស្ថានសិក្សា គឺជាគោលដៅដ៏ធំចម្បងក្នុងការអភិវឌ្ឍន៍សង្គម

មាស សុផាណារ៉ុង November 24, 2020


 

ភ្នំពេញ៖ កាលពីព្រឹកម្សិលមិញនេះ ក្រុមការងារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើដំណើរទៅបញ្ជ្រាបការអប់រំផ្សព្វផ្សាយពីចលនាអូឡាំពិក ជាលើកទី៤ ប្រចាំឆ្នាំ២០២០ នៅក្នុងវិទ្យាល័យហ៊ុន សែន តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងគោលដៅបន្តសកម្មភាពផ្សព្វផ្សាយឧត្តមគតិអូឡាំពិក ទៅដល់ស្រទាប់មហាជន និងសិស្សានុសិស្ស។ នៅក្នុងការផ្សព្វផ្សាយពីចលនាអូឡាំពិក លើកទី៤នេះ មានការចូលរួមជាពិសេសពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។

ឯកឧត្តមបានថ្លែងបែបនេះថា៖ «ការអប់រំផ្សព្វផ្សាយពីចលនាអូឡាំពិក នៅតាម គ្រឹះស្ថានសិក្សានេះ គឺជាគោលដៅដ៏ធំចម្បង ក្នុងការធ្វើឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបញ្ជ្រាបចំណេះដឹងទាំងនេះ ដោយគេយល់ថា ពួកគាត់គឺជាសិស្សានុសិស្សនៅក្នុងសាលារៀនមែន ប៉ុន្តែពួកគាត់រស់នៅក្នុងសង្គម ដូច្នេះពួកគាត់គឺជាចំណែកដ៏សំខាន់ ក្នុងការផ្ទេរចំណេះដឹងទាំងអស់នេះទៅក្នុងសង្គមផងដែរ ដែលនេះគឺជាអ្វីដែលយើងទទួលបានពីអូឡាំពិកអន្តរជាតិ។»

ឯកឧត្តមបន្តថា៖ យើងបានពង្រឹងស្មារតីការចូលរួមរបស់យុវជន នៅក្នុងវិស័យអប់រំកាយ និងកីឡា ហើយកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» តែងតែងបានព្យាយាមពន្យល់អំពីគុណតម្លៃនៃជីវិត ចំពោះសកម្មភាពកីឡា ដើម្បីជំរុញឲ្យគាត់យកធ្វើជាមូលដ្ឋាននៃការពង្រឹងសមត្ថភាពផ្លូវកាយ ការដុសខាត់នូវបញ្ញាស្មារតីឲ្យបានល្អប្រសើរ ដែលជាជំនួយដល់ក្នុងការសិក្សារបស់ពួកគាត់។បើកាលណាពួកគាត់មានសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្តល្អ នោះការសិក្សារបស់ពួកគាត់ក៏មានការលូតលាស់ល្អប្រសើរផងដែរ។

«អប់រំគុណតម្លៃអូឡាំពិក គឺជាចំណែកមួយក្នុងការជំរុញឲ្យការអប់រំមានគុណភាព ដែលយើងឃើញថា កម្មវិធីនេះយើងមានការអប់រំជាសកម្មភាពកីឡាផង និងការអប់រំជាទ្រឹស្តីផង ហើយតាមរយៈការបញ្ជ្រាបការផ្សព្វផ្សាយនេះ បានធ្វើឲ្យសិស្សានុសិស្សរបស់យើង ដែលក្នុងនោះជាកីឡាករ-កីឡាការិនីប្រចាំសាលារៀននីមួយៗ ក៏បានយល់ច្បាស់អំពីតួនាទី ភារកិច្ចរបស់ខ្លួន ក៏ដូចជាជំរុញឲ្យពួកគាត់អាចបន្តអប់រំដល់សិស្សានុសិស្សនានា ប្រចាំសាលានីមួយៗ ដែលយើងមិនអាចប្រមូលផ្តុំក្នុងទ្រង់ទ្រាយធំបាន ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។

លោកបន្ថែមថា កម្មវិធីទាំងអស់នេះគឺក្រោមការចង្អុលបង្ហាញ និងផ្តល់អនុសាសន៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC តែងតែជំរុញឲ្យយើងរៀបចំបញ្ជ្រាបការអប់រំតម្លៃអូឡាំពិក ជូនដល់យុវជន ជាពិសេសគឺសិស្សានុសិស្ស នៅតាមគ្រឹះស្ថានអប់រំនានា ដោយបានការអនុញ្ញាតពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ក្នុងការជួយបំពេញបន្ថែមនូវសភាសភាពអប់រំ តាមរយៈការបញ្ជ្រាបអប់រំកាយ និងកីឡា និងទ្រឹស្តីកីឡាល្អៗ នៅក្នុងការអប់រំគុណតម្លៃអូឡាំពិកនេះ៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់