នាយកអនុវិទ្យាល័យឆាយឆុប ថ្លែងអំណរគុណ NOCC ដែលបានបញ្ជ្រាបចលនាអូឡាំពិកដល់សិស្សានុសិស្ស

មាស សុផាណារ៉ុង November 21, 2020


 

កំពង់ស្ពឺ៖ កាលពីព្រឹកថ្ងៃទី១៩ ខែវិច្ឆិការ កន្លងទៅថ្មីៗនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានធ្វើដំណើរទៅដល់ខេត្តកំពង់ស្ពឺ ដើម្បីបន្តបញ្ជ្រាបការផ្សព្វផ្សាយអំពីគុណតំលៃអូឡាំពិកជាលើកទី៣ ដល់យុវជន យុវតី និងនាំឲ្យយុវជន ប្រជាពលរដ្ឋលេងកីឡា ដើម្បីសុខភាព ព្រមទាំងស្វែងយល់ពីយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយមុខ និងការត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

ថ្លែងនៅក្នុងបទសម្ភាន៍លោក កង សុវណ្ណ នាយកអនុវិទ្យាល័យឆាយឆុប ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានថ្លែងអំណរអរគុណដល់ NOCC ដែលបានឧបត្តម្ភសម្ភារៈកីឡាមួយចំនួនដល់សាលា និង បានបញ្ជ្រាបការផ្សព្វផ្សាយអំពីគុណតំលៃអូឡាំពិក ដល់សិស្សានុសិស្ស នៃសាលាឆាយឆុប នេះជាខ្លាំង ខណៈដែលកន្លងមកសាលាមិនដែលមានកម្មវិធីកីឡាបែបនេះឡើយ ព្រោះថាកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» នេះ មានសារៈសំខាន់ក្នុងការចែករំលែកនូវចំណេះដឹងលើផ្នែកកីឡាជូនដល់សិស្សានុសិស្សរបស់លោក។

មិនត្រឹមតែប៉ុណ្ណោះលោកក៏បាន ទទួលការស្វាគមន៍សម្រាប់កម្មវិធីលើកក្រោយៗទៀតរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏ដូចជាសំណូមពរឲ្យចែករំលែកនូវចំណេះជំនាញដល់គ្រូបង្រៀនផ្នែកអប់រំកាយ និងកីឡា ២នាក់ នៃអនុវិទ្យាល័យឆាយឆុប ក្នុងគោលបំណងទទួលបាននូវបទពិសោធន៍បន្ថែម ស្របតាមការអភិវឌ្ឍថ្មីៗនៃវិស័យកីឡាពិភពលោកនាពេលបច្ចុប្បន្ន ហើយគ្រូអប់រំកាយ និងកីឡា​នឹងចែករំលែកបន្តដល់សិស្សានុសិស្សរបស់ខ្លួន។

ជាមួយគ្នានេះដែរ លោក តុប បញ្ញា ប្រធាននាយកដ្ឋានគ្រប់គ្រងគម្រោងនៃ NOCC បានបញ្ជាក់ថា៖ មូលហេតុដែលជ្រើសរើសយកអនុវិទ្យាល័យឆាយឆុបនេះធ្វើ ដោយលោកបានមើលឃើញពីហេដ្ឋារចនាសម្ព័ន្ធកីឡាមានច្រើនសម្បូរបែប ដូចជាទីលានបាល់ទាត់ បាល់បោះ និងទីលានកីឡាមួយចំនួនទៀត ដែលបានធ្វើឲ្យសិស្សានុសិស្សអាចលេងកីឡាបានច្រើនមុខ។

គួបញ្ជាក់ផងដែរថា៖ នេះជាកម្មវិធីទី៣ហើយ សម្រាប់ ការផ្សព្វផ្សាយអំពីគុណតំលៃអូឡាំពិក ដោយលើកទី១ រៀបចំឡើងនៅក្នុងអនុវិទ្យាល័យ បណ្ដុះវិជ្ជា ស្រុកបារាណ៍ ខេត្តកំពង់ធំ និង ទី២ រៀបចំឡើងនៅ ក្នុងអនុវិទ្យាល័យ វត្តដំបូលខ្ពស់ រាជធានីភ្នំពេញ៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់