គម្រោង «ភូមិកីឡា» ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ សម្រាប់បម្រើការនៅស៊ីហ្គេម ឆ្នាំ២០២៣

មាស សុផាណារ៉ុង November 19, 2020


 

ភ្នំពេញ៖ គិតមកដល់ត្រឹមថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅសល់ប្រហែល ៨៩៦ថ្ងៃទៀតព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងចូលមកដល់ ខណៈហេដ្ឋារចនាសម្ព័ន្ធមួយចំនួនធំជាពិសេសទីតាំង ក៏ដូចជាទីលានបម្រើដល់ការប្រកួតមួយចំនួនក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ បានបញ្ចប់ និងកំពុងបន្តការសាងសង់យ៉ាងសកម្ម បើទោះបីវិបត្តិកូវីដ-១៩ បានរារាំងដំណើរការសាងសង់ខ្លះៗក៏ដោយ។

ក្រៅតែពីហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួតកីឡាផ្សេងៗ​ក្នុងពហុកីឡដ្ឋានជាតិមរតកតេជោ ក៏នៅមានគម្រោងសំខាន់មួយទៀតផងដែរ នោះគឺ ភូមិកីឡា ឬដែលគេនិយមហៅថា បុរីកីឡា ក៏ជាតម្រូវការក្នុងការសាងសង់ផងដែរ ខណៈវាគឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងអំឡុងពេលប្រកួតស៊ីហ្គេម ឆ្នាំ២០២៣។

តាមការបញ្ជាក់នៅលើទំព័រ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) គម្រោងសាងសង់ភូមិកីឡា ឬបុរីកីឡា គឺជាការសហការជាមួយក្រុមហ៊ុនឯកជន World Bridge Sport Village ដោយនៅក្នុងគម្រោងសាងសង់ភូមិកីឡានេះ ឃើញថាមានសោភ័ណ្ឌភាព រចនាបទល្អ និងគោរពទៅតាមបទដ្ឋាននិយាមនៃពហុកីឡដ្ឋានជាតិមរតកតេជោ ត្រូវសាងសង់លើផ្ទៃដីទំហំប្រមាណ ៨ហិកតា ស្ថិតនៅផ្នែកខាងក្រោយពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តមអគ្គលេខាធិការ វ៉ាត់ ចំរើន ធ្លាប់បានលើកឡើងកាលពីពេលថ្មីៗនេះថា ភូមិកីឡា គឺជាកន្លែងស្នាក់នៅ ហូបចុករបស់កីឡាករ-កីឡាការិនី ក្នុងពេលស៊ីហ្គេម ដែលអាចរក្សានូវសុវត្ថិភាព ការគ្រប់គ្រងជាដើម។ ភូមិកីឡានេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រគល់ឲ្យក្រុមហ៊ុន World Bridge Sport Village ដែលជាក្រុមហ៊ុនធ្លាប់មានស្នាដៃកសាងអគារខ្ពស់ៗ ក្នុងរាជធានីភ្នំពេញ។

ក្រុមហ៊ុននេះដឹកនាំដោយលោកឧកញ៉ា សៀរ រិទ្ធី បានធ្វើបទបង្ហាញជូនគណៈអចិន្ត្រៃយ៍ ដែលដឹកនាំអង្គប្រជុំដោយឯកឧត្តមបណ្ឌិត ថោង ខុន កាលពីចុងខែតុលា ឆ្នាំ២០២០ ដើម្បីពិនិត្យមើលលើភាពបន្ស៊ីគ្នារវាងសំណង់ និងតម្រូវការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងពេលស៊ីហ្គេម ដែលភូមិកីឡាមានអគារស្នាក់នៅ វីឡាមួយចំនួនទៀត សម្រាប់មន្ត្រី អាជ្ញាកណ្តាល ចៅក្រម ដោយមានបន្ទប់ស្នាក់នៅជាង ១,៧០០បន្ទប់ ក្នុងនោះមានបន្ទប់ខ្លះមានគ្រែ១ ដល់គ្រែ៥ ដែលមានបំពាក់សម្ភារៈមួយចំនួននៅតាមបន្ទប់ផងដែរ ដើម្បីផ្តល់ផាសុកភាពជូនដល់កីឡាករ-កីឡាការិនី ដែលស្នាក់នៅក្នុងពេលស៊ីហ្គេម ដែលមានរយៈពេលប្រមាណ ១ខែ ដោយសារអត្តពលិកអន្តរជាតិ អាចមកមុនពេលស៊ីហ្គេម ជាង១០ថ្ងៃ និងក្រោយស៊ីហ្គេម ពី២ ទៅ៣ថ្ងៃ។

នៅក្នុងភូមិកីឡានេះ នឹងរៀបចំឲ្យមានសារមន្ទីរស៊ីហ្គេម ដែលនឹងអាចផ្ទុកអនុស្សាវរីយ៍ទាំងឡាយនៅក្នុងសារមន្ទីរស៊ីហ្គេម សម្រាប់ការសិក្សាស្រាវជ្រាវរបស់សិស្សានុសិស្ស និស្សិត ក៏ដូជាមហាជនទូទៅជំនាន់ក្រោយៗ អាចស្វែងរកការស្រាវជ្រាវនៅទីនោះបាន។

ភូមិកីឡានេះ នឹងត្រូវប្រគល់ជូន CAMSOC នាចុងឆ្នាំ២០២២ សម្រាប់ការរៀបចំប្រើប្រាស់ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ ដែលតាមការគ្រោងទុក នឹងអាចមានអត្តពលិកប្រមាណ ៧០០០នាក់ រួមទាំងប្រតិភូ មន្ត្រី គ្រូបង្វឹក ប្រមាណ ៣០០០នាក់ទៀត សរុបប្រមាណ ១ម៉ឺននាក់ នៅក្នុងភូមិកីឡាតែមួយនេះ ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ថែរក្សាសុវត្ថិភាព ក៏ដូចជាអាចហូបចុក ស្នាក់នៅជុំគ្នា ព្រមទាំងងាយស្រួលក្នុងការដឹកជញ្ជូនផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) លើកទី៣២ ដែលកម្ពុជា ត្រៀមទទួលរៀបចំធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ នឹងធ្វើឡើងនៅចន្លោះថ្ងៃទី០៥ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣៕

 

សម្រួលអត្ថបទ៖ Cambodia SEA GAMES 2023

មតិយោបល់