កម្ពុជា នឹងមានទីលានកីឡាហុកគីលើកដំបូងបង្អស់ក្នុងប្រទេស នៅពហុកីឡដ្ឋានជាតិមរតកតេជោ

មាស សុផាណារ៉ុង November 18, 2020


 

ភ្នំពេញ៖ យោងតាមគំរូប្លង់នៃពហុកីឡដ្ឋានជាតិមរតកតេជោ កម្ពុជានឹងមានទីលានកីឡាហុកគី លើកដំបូងក្នុងប្រទេស បើទោះបីជាប្រភេទកីឡាពុំសុវជាទីពេញនិយមពីសំណាក់ស្រទាប់អ្នកស្នេហាវិស័យកីឡាក៏ដោយ។

ទីលានកីឡាហុកគី នឹងសាងសង់នៅក្បែរកីឡដ្ឋានធំ ក្នុងទំហំស្ដង់ដា ជាប្រភេទ Field Hockey (ទីលានហុកគី មាន ៣ប្រភេទ គឺ Indoor Hockey, Ice Hockey និង Field Hockey) ហើយថែមទាំងមានកន្លែងអង្គុយទស្សនាផងដែរ។

គួរដឹងដែរថាថ្មីៗនេះ សហព័ន្ធកីឡាហុកគីកម្ពុជា បានប្រកាសពីការរៀបចំការប្រកួតជើងឯកប្រចាំឆ្នាំដែលគ្រោងនឹងធ្វើឡើង នាចុងខែធ្នូ ឆ្នាំ២០២០ ដើម្បីផ្តល់ឱកាសជូនដល់បណ្តាក្លិបនានាក្រោមចំណុះរបស់ខ្លួនបានចូលរួមប្រកួត ប្រជែងមេដាយ ក៏ដូចជាបង្កើនគុណភាពបច្ចេកទេសដល់កីឡាករ-កីឡាការិនី ដើម្បីត្រៀមការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិនាពេលខាងមុខ។

ប្រភេទកីឡាហុកគីកម្ពុជា ធ្លាប់បានចូលរួមប្រកួតនៅក្នុងស៊ីហ្គេម លើកទី៣០ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន។

ចំពោះគោលដៅនៃការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា គឺកីឡាហុកគីស្ថិតនៅក្នុងចំណោមជាង១០ប្រភេទកីឡាផ្សេងទៀត ក្នុងចង្កោមប្រភេទកីឡាទី៣ ដែលត្រៀមជ្រើសរើសដាក់បញ្ជូល ខណៈទី១ជាប្រភេទកីឡានានាតាមការកំណត់ ដែលម្ចាស់ផ្ទះត្រូវតែដាក់បញ្ជូល និងប្រភេទទី២ គឺជាប្រភេទកីឡាដែលមានសក្តានុពល ដែលគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានកំណត់ជាផែនការយុទ្ធសាស្រ្តរបស់ខ្លួន៕

 

រូបភាព៖ សហព័ន្ធកីឡាហុកគីទ្វីបអាស៊ី – asiahockey.org

មតិយោបល់