NOCC ផ្សព្វផ្សាយពីយុទ្ធនាការ ប្រជាជនម្នាក់លេងកីឡាមួយមុខ ដល់សិស្សានុសិស្សនៅខេត្តកំពង់ធំ

មាស សុផាណារ៉ុង November 16, 2020


 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានរៀបចំកម្មវិធី កីឡាដើម្បីទាំងអស់គ្នា (Sport For All) នៅខេត្តកំពង់ធំ ដើម្បីផ្សព្វផ្សាយដំណើរការឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

បើតាម លោក ប៊ុយ សុភ័ណ្ឌ អនុប្រធានគម្រោងនៃ NOCC បានឱ្យដឹងថា៖ «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីកម្សាន្តដល់សិស្សានុសិស្សនៅក្នុងកម្មវិធីនេះ មានដូចជាលេងបាល់ទាត់ ១១ម៉ែត្រ, ចងជើងដើរប្រណាំងជាក្រុម, ឆ្លើយសំណួរពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយការទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣, លេងឆ្លងកាត់កងអូឡាំពិក, លំហាត់ប្រាណបែបអាអេរ៉ូប៊ិក, រត់ប្រណាំងជុំវិញតារាងបាល់ទាត់, ប្រកួតបាល់ទាត់, ប្រកួតបាល់ទះ, ជិះកង់កម្សាន្តជុំវិញភូមិផ្សព្វផ្សាយវិធានការការពារកូវីដ-១៩, បង្វិលកងរត់ជាក្រុម, ល្បែងអប់រំសាមគ្គីជាក្រុម និងសកម្មភាពសំអាតបរិស្ថានជុំវិញសាលារៀន។»

លោកបន្តថា៖ «កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួន ២ ទី១-ដើម្បីបំផុសការចូលរួមលេងកីឡា ស្របតាមគុណតម្លៃនៃចលនាអូឡាំពិក និងទី២-ផ្សព្វផ្សាយពីយុទ្ធនាការ “ប្រជាជនម្នាក់លេងកីឡាមួយមុខ” ទាំងសិស្សានុសិស្ស និងយុវជន ដើម្បីត្រៀមឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។»

ជាមួយគ្នា លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា៖ «ដោយការរៀបចំ ធ្វើឡើងក្នុងសម័យកូវីដ-១៩ គណៈកម្មការ បានគោរពយ៉ាងខ្ជាប់ខ្ជួនតាមវិធានក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត តាមរយៈការត្រួតពិនិត្យវាស់កម្តៅ ពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាព សម្រាប់អ្នកចូលរួមទាំងអស់គ្នាជាដើម។»

តាមរយៈកម្មវិធីនេះ លោករំពឹងថា នឹងបណ្ដុះនូវស្មារតីកីឡាជូនមហាជនទូទៅ ទាំងកីឡាករ-កីឡាការិនីអាជីព យុវជន និងសិស្សានុសិស្ស ក្នុងការលេងកីឡាដើម្បីសុខភាពផង និងផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេមនៅកម្ពុជាផង។ ជាក់ស្តែងនៅព្រឹកនេះ គឺមានការចូលរួមពីសិស្សានុសិស្សជាច្រើនមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យនានា ដែលបានជួបជុំគ្នាលេងកីឡា នៅក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យបណ្តុះវិជ្ជា ជាង១០០០នាក់៕

 

អត្ថបទ៖ រីយ៉ា

មតិយោបល់