កីឡាកាយសម្ព័ន្ធ បើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋាននៅខេត្តកំពង់ឆ្នាំង

មាស សុផាណារ៉ុង November 11, 2020


 

ភ្នំពេញ៖ ក្នុងទិសដៅបញ្ជៀតការបង្ហាត់បង្រៀនផ្នែកកីឡាកាយសម្ព័ន្ធ កម្រិតមូលដ្ឋានដល់គ្រូបង្វឹកនៅតាមបណ្ដាលខេត្តមួយចំនួនអោយមានចំណេះដឹងច្បាស់លាស់មុនពេលបង្ហាត់កីឡាករកីឡាការិនីនោះ សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ក៏បានរៀបចំវគ្គបណ្ដុះបណ្ដាលកម្រិតមូលដ្ឋានកម្រិត១ និងកម្រិត២ (Leval 1 & Leval 2) រយៈពេលមួយសប្ដាហ៍នៅក្នុងខេត្តកំពង់ឆ្នាំង។ ខណៈវាគឺជាលើកទី៣ ហើយសម្រាប់ខេត្តមួយនេះ។

បើតាមអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាន់ណា បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះមានសិក្ខាកាមចូលរួមចំនួន ២២នាក់ ដោយមានពីខេត្តក្រចេះ កំពង់ចាម រាជធានីភ្នំពេញ និងម្ចាស់ផ្ទះខេត្តកំពង់ឆ្នាំង ដែលចាប់ផ្ដើមពីថ្ងៃទី០៧ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០។

លោកបន្តថា៖ វគ្គសិក្សានេះរៀបចំឡើងចង់បញ្ជ្រាតចំណេះដឹងផ្នែកកីឡាកាយសម្ព័ន្ធកម្រិត១ និងកម្រិត២ ឱ្យបានគ្រូបង្វឹកនៅតាមបណ្ដាលខេត្តយល់ដឹងពីគុណតម្លៃនៃការបង្ហាត់បង្រៀនកីឡាកាយសម្ព័ន្ធ ផ្ដោតទៅលើមូលដ្ឋានគ្រឹះគឺជាការចាំបាច់។ នៅក្នុងវគ្គនេះដែរ សហព័ន្ធក៏មានការបង្រៀនចែកចេញជាពីរផ្នែកផ្សេងគ្នាដែរ ដោយក្នុងនោះមានការបង្រៀនពីកីឡាកាយសម្ព័ន្ធអាទីស្ទីច និងអារ៉ូប៊ិច។

ម្យ៉ាងទៀត ដោយសហព័ន្ធមើលឃើញថា នៅតាមក្លិបមួយចំនួននៅតាមខេត្ត នៅមានការខ្វះខាតចំណេះដឹងផ្នែកកីឡាកាយសម្ព័ន្ធ ដូច្នះហើយសហព័ន្ធក៏មានការរៀបចំជាវគ្គសិក្សាមួយដើម្បីបញ្ជ្រៀបចំណេះដឹងផ្នែកមូលដ្ឋានគ្រឹះនេះ អោយទៅពួកគាត់បានច្រើន ដើម្បីធ្វើយ៉ាងណាអោយពួកគាត់ មានលក្ខណៈច្បាស់លាស់លើការបង្រៀន កីឡាករកីឡាការិនីវ័យក្មេងអោយបានត្រឹមត្រូវល្អទៅតាមក្បួនច្បាប់។

ជាមួយគ្នានេះដែល សម្រាប់ការបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋាននេះ សហព័ន្ធក៏មានការរៀបចំការ ការពារពីជំងឺកូវីដ-១៩ ទៅតាមវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់