ស សុខា៖ អំឡុងពេលប្រកួតប៉េតង់ពានរង្វាន់ “គរុគុណ” នឹងមានអ្នកដើរចុចឈ្មោះអត្តពលិក សម្រាប់ត្រៀមស៊ីហ្គេម២០២៣

មាស សុផាណារ៉ុង November 7, 2020


 

ភ្នំពេញ៖ ឯកឧត្តម ស សុខា បានបង្ហើបឲ្យដឹងថា ក្នុងអំឡុងពេលប្រកួតប៉េតង់ពានរង្វាន់ “គរុគុណ” នឹងមានអ្នកដើរចុចឈ្មោះអត្តពលិក សម្រាប់ត្រៀមចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games 2020) នៅឆ្នាំ២០២៣។

ប្រធានសហព័ន្ធប៉ូល និងប៉េតង់កម្ពុជា ឯកឧត្តម ស សុខា បានថ្លែងបែបនេះ នៅក្នុងពិធីបើកព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពានរង្វាន់ “គរុគុណ” លើកទី១ ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិ ដើម្បីឱ្យក្រុមកីឡាករការិនីទាំងអស់ដែលចូលរួម ប្រឹងប្រែងប្រកួតអស់ពីសមត្ថភាពខ្លួន ក្នុងការប្រជែងដណ្ដើមពានមួយនេះ។

ឯកឧត្តមបានមានប្រសាសន៍ដូច្នះថា៖ «អំឡុងពេលប្រកួតរយៈពេល៣ ថ្ងៃនេះ សហព័ន្ធនឹងរៀបចំក្រុមការងារបច្ចេកទេស ដើម្បីត្រួតពិនិត្យ និងតាមដានគុណផលរបស់កីឡាករ-កីឡាការិនីម្នាក់ៗ ក្នុងន័យស្វែងរកអ្នកមានសមត្ថភាព និងទេពកោសល្យល្អ មកប្រមូលផ្ដុំត្រៀមការប្រកួតអន្ដរជាតិនានា។»

រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ដដែល បន្ដទៀតថា៖ «ប្អូនៗមកទីនេះ សូមមេត្ដាពង្រឹងសមត្ថភាព ទោះទទួលបានជ័យជម្នះ មិនជ័យជម្នះក្នុងថ្ងៃនេះក្ដី ត្រូវតែខំប្រឹងបន្ថែមទៀត។ ក្នុងនោះក្រុមការងារ នឹងចាប់ផ្ដើមដើរ Noted (កំណត់) អ្នកដែលគួរសម អ្នកដែលគាត់លេងពូកែ ដើម្បីយកមកដាក់ ឬមួយរើសបន្ថែមលើក្រុមជម្រើសជាតិ ត្រៀមខ្លួនចូលរួមការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលសិទ្ធជាម្ចាស់ផ្ទះនាពេលឆាប់ៗខាងមុខនេះ។»

សូមបញ្ជាក់ថា កម្មវិធីនេះរៀបចំឡើងដើម្បីរម្លឹកនូវគុណូបការៈដ៏ធំធេងមិនអាចបំភ្លេចបាន ចំពោះការលះបង់ និងខិតខំប្រឹងប្រែងរបស់ស្ថាបនិក ២រូប គឺសម្ដេចក្រឡាហោម ស ខេង ប្រធានកិត្តិយសសហព័ន្ធ និងសម្តេចវិបុលបញ្ញា សុខ អាន អតីតប្រធានសហព័ន្ធ ខណៈចំណាយលើការរៀបចំពាននេះ ក៏ជាបន្ទុករបស់ក្រុមគ្រួសារទាំងពីរដែរ មិនមានប្រើថវិកាសហព័ន្ធ ឬក្រសួងអប់រំ យុវជន និងកីឡាឡើយ។

ការប្រកួតនឹងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី០៦-០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ-កីឡាការិនី ២៩២នាក់ មកពី ៥៨ក្លិបចូលរួម៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់