«កម្មវិធីគុណតំលៃអូឡាំពិក» បន្តយុទ្ធនាការណ៍របស់ខ្លួនមកដល់ រាជធានីភ្នំពេញ

មាស សុផាណារ៉ុង November 6, 2020


 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រុមការងារនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានបន្តយុទ្ធនាការណ៍របស់ខ្លួនមកដល់អនុវិទ្យាល័យវត្តដំបូលខ្ពស់ ដើម្បីរៀបចំកម្មវិធី អប់រំគុណតម្លៃអូឡាំពិក ដើម្បីផ្សព្វផ្សាយពីចលនាអូឡាំពិក និងបញ្ជ្រាបការយល់ដឹង អំពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម – SEA Games) ឆ្នាំ២០២៣ នៅកម្ពុជា។

កម្មវិធីអប់រំគុណតម្លៃអូឡាំពិក ឆ្នាំ២០២០ រៀបចំដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងបានការគាំទ្រពីសំណាក់គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បានធ្វើឡើងក្រោមប្រធានបទសំខាន់ៗចំនួន៣ ក្រៅពីការផ្សព្វផ្សាយចលនាអូឡាំពិក ទី១-ការចែករំលែកនូវបទពិសោធជោគជ័យក្នុងអាជីពកីឡា ក្នុងនាមអត្តពលិកអូឡាំពិក, ទី២-កម្ពុជាឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងទី៣-ផ្ដោតលើការបណ្ដុះបណ្ដាល និងអប់រំស្ដីពីជំងឺកូវីដ-១៩។ តាមគម្រោង កម្មវិធីនឹងធ្វើ ៣ដងទៀត ពិសេសកម្មវិធីចុងក្រោយ ដែលគ្រោងធ្វើធំនៅខេត្តកំពង់ធំ។

អនុប្រធានគណៈកម្មការគ្រប់គ្រងកម្មវិធីខាងលើ លោក ប៊ុយ សុភ័ណ្ឌ បានមានប្រសាសន៍ថា៖ «ទាក់ទងនឹងការរៀបចំនេះ បន្ទាប់ពីពួកយើងរៀបចំហើយ ចំពោះខ្លួនខ្ញុំផ្ទាល់ ក៏ដូចជាក្រុមការងារ សង្កេតឃើញពួកគាត់ (សិស្សានុសិស្ស) មានការយល់ដឹងមួយចំនួនទាក់ទងនឹងគុណតម្លៃអូឡាំពិក គឺពួកគាត់បានស្វែងយល់មួយចំនួន ហើយមួយទៀត ទាក់ទងនឹងការរៀបចំស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាវិញ ពួកគាត់បានយល់ដឹងច្រើន តាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា។»

ជាមួយគ្នានេះដែរ យុវតី អ៊ុ សៀវម៉ី សិស្សថ្នាក់ទី៨ នៃអនុវិទ្យាល័យវត្តដំបូកខ្ពស់បានថ្លែងក្រោយចូលរួមកម្មវិធីនេះថា៖ «ខ្ញុំពិតជាសប្បាយចិត្ត ហើយទទួលបានបទពិសោធ និងចំណេះដឹងច្រើនពីគុណតម្លៃអូឡាំពិក ពិសេសការត្រៀមខ្លួនធ្វើម្ចាស់ផ្ទះ SEA Games 2023។ ខ្ញុំមើលទៅព្រឹត្តិការណ៍នេះ ពិតជាសំខាន់ អស្ចារ្យ និងមានមោទនភាពមែនទែន ដែលកម្ពុជាយើងបានធ្វើម្ចាស់ផ្ទះស៊ីហ្គេមលើកដំបូង នៅឆ្នាំ២០២៣។ ដល់ពេលនោះបើមានឱកាសខ្ញុំនឹងចូលរួម…»

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់