កម្ពុជារៀបចំព្រឹតិ្តការណ៍ប្រកួតប៉េតង់ ដណ្ដើមពានរង្វាន់ «គរុគុណ» លើកដំបូង

មាស សុផាណារ៉ុង November 3, 2020


 

ភ្នំពេញ៖ នេះជាលើកដំបូងហើយ ដែលសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា រៀបចំឱ្យមានព្រឹតិ្តការណ៍ប្រកួតកីឡាប៉ូល និងប៉េតង់ ពានរង្វាន់ «គរុគុណ» លើកទី១ ឆ្នាំ២០២០ ដែលត្រូវបានប្រារព្ធធ្វើឡើងក្នុងគោលបំណងរម្លឹកនូវគុណូបការៈដ៏ធំធេងជូនដល់ប្រធានសហព័ន្ធនាពេលបច្ចុប្បន្ន និងអតីតប្រធានសហព័ន្ធមុនៗនាពេលកន្លងមក។

ព្រឹត្តិការណ៍ថ្មីនេះនឹងក្លាយជាវេទិកាសម្រាប់កីឡាករ-កីឡាការិនី អាចប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែង ដើម្បីបង្ហាញអំពីសក្តានុពល និងទេពកោសល្យ ដែលទទួលបានឱកាសចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិយុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់។

ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម ស សុខា បានថ្លែងនៅក្នុងសិន្និសីទការសែតថា៖ «កម្មវិធីនេះរៀបចំឡើងដើម្បីរម្លឹកនូវគុណូបការៈដ៏ធំធេងមិនអាចបំភ្លេចបាន ចំពោះការលះបង់ និងខិតខំប្រឹងប្រែងរបស់ស្ថាបនិក ២រូប គឺសម្ដេចក្រឡាហោម ស ខេង ប្រធានកិត្តិយសសហព័ន្ធ និងសម្តេចវិបុលបញ្ញា សុខ អាន អតីតប្រធានសហព័ន្ធ ខណៈចំណាយលើការរៀបចំពាននេះ ក៏ជាបន្ទុករបស់ក្រុមគ្រួសារទាំងពីរដែរ មិនមានប្រើថវិកាសហព័ន្ធ ឬក្រសួងអប់រំ យុវជន និងកីឡា ឡើយ។ ពាក់ព័ន្ធអ្នកចូលទស្សនាវិញ សហព័ន្ធអាចនឹងអនុញ្ញាត ដូចអ្នកគាំទ្របាល់ទាត់ប្រមាណ ១០% ដែរ ពិសេសគឺការគោរពវិធានរបស់ក្រសួងសុខាភិបាល ទាំងប្រតិភូ កីឡាករ-កីឡាការិនី និងអ្នកចូលរួមទស្សនាតែម្ដង។»

ឯកឧត្តមរំឭកទៀតថា៖ កម្ពុជាទើបនឹងទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាប៉េតង់ជើងយុវជន និងនារីឯកជើងភិភពលោក លើកទី១៧ កាលពីឆ្នាំ២០១៩ ប្រកបដោយភាពជោគជ័យ ដោយឯកឧត្តមចាត់ទុកថា ទាំងអស់នេះគឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់សហព័ន្ធកីឡាប៊ូល និងប៉េតងកម្ពុជា ដែលកំពុងដើរតួរនាទីយ៉ាងសំខាន់ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។

ការប្រកួតនៃព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងពហុកីឡដ្ឋានជាតិ ដោយបានកំណត់វិញ្ញាសាប្រកួតចំនួន៨។ ខណៈដែលគិតត្រឹមថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០ ការដាក់ពាក្យចូលរួមប្រកួតសរុប១៦ រាជធានី-ខេត្ត សមាគម-ក្លិប ចំនួន៥៥ សរុប ៤៧៨នាក់ ប្រតិភូដឹកចំនួន ៤១នាក់ គ្រូបង្វឹក ៥១នាក់ កីឡាករ-កីឡាការិនី ៣៨៦នាក់ (កីឡាការិនី ១០០នាក់) ការឆាប់ពូលប្រកួតនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់