វ៉ាត់ ចំរើន៖ «អប់រំគុណតម្លៃអូឡាំពិក» មានសារៈសំខាន់ណាស់សម្រាប់អភិវឌ្ឍន៍វិស័យកីឡា

មាស សុផាណារ៉ុង November 2, 2020


 

កំពង់ធំ៖ ថ្លែងនៅក្នុងពិធីបិទការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិការ៉ាតេដូ កាលពីពេលថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិកាជាតិអូឡាំពិកកម្ពុជា បានរៀបចំកម្មវិធីកីឡាមួយនៅក្នុងខេត្តកំពង់ធំ ដើម្បីបញ្ជ្រាបឧត្តមគតិអូឡាំពិកជូនទៅដល់ស្រទាប់មហាជន យុវជន និងសង្គមជាតិ គឺ «អប់រំគុណតម្លៃអូឡាំពិក» ខណៈដែលកម្មវិធីនេះ បានបញ្ចប់ទៅដោយជោគជ័យកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២០ ក្រោមការចូលរួមពីសិស្សានុសិស្ស ជាង១០០នាក់។

តាមការគ្រោងទុក NOCC នឹងបន្តធ្វើកម្មវិធី «អប់រំគុណតម្លៃអូឡាំពិក» នៅ ៤រាជធានី-ខេត្តទៀត ដូចជាខេត្តព្រះសីហនុ, ខេត្តកែប, ខេត្តកណ្តាល និងរាជធានីភ្នំពេញ ដែលគ្រោងចាប់ពីថ្ងៃទី០២ ខែវិច្ឆិកា ជាបន្តបន្ទាប់ ហើយកម្មវិធីនេះ ក៏បានកំណត់នូវចំនួនអ្នកចូលរួមមិនឲ្យច្រើនពេកដែរ ដោយត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល។

លោកបន្តទៀតថា៖ កម្មវិធីចលនាអូឡាំពិកនេះ គឺជាការបង្កើតជាសកម្មភាពលេងកីឡា បញ្ជ្រាបឧត្តមគតិអូឡាំពិក និងការលើកទឹកចិត្ត ដល់មហាជន យុវជន សិស្សានុសិស្ស ឲ្យបានចូលរួមលេងកីឡា ការប្រកួតប្រជែងគ្នា ព្រមទាំងឲ្យពួកគាត់បានស្វែងយល់អំពីរូបសញ្ញាអូឡាំពិក ការរត់ភ្លើងគុបអូឡាំពិកជាដើម។ ទាំងអស់នេះគឺជាការបំពេញតាមគោលការណ៍របស់គណៈកម្មាធិការអន្តរជាតិ ដើម្បីបញ្ជ្រាបការផ្សព្វផ្សាយចលនាអូឡាំពិក ឧត្តមគតិអូឡាំពិក និងទទួលបានការគាំទ្រចលនាអូឡាំពិកទាំងក្នុង និងក្រៅប្រទេស។

គួបញ្ជាក់ផងដែរថា វាគ្មិនសំខាន់ៗ ដែលបានចូលរួមចែករំលែកបទពិសោធន៍នេះ រួមមាន៖ ឯកឧត្តម វ៉ាត់ ចំរើន បង្ហាញអំពី ការចែករំលែកបទពិសោធន៍ជោកជ័យនៅក្នុងអាជីពកីឡាក្នុងនាមជាអត្តពលិកអូឡាំពិក។ លោក ញ៉ាន សុខវិសាល បង្ហាញអំពីគោលការណ៍គ្រឹះនៃទស្សនៈវិជ្ជាអូឡាំពិក និងគុណតម្លៃអូឡាំពិក។ លោក ប៊ុយ សុភ័ណ្ឌ បង្ហាញអំពីប្រធានបទ កម្ពុជាឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ និងវេជ្ជបណ្ឌិត ហួត ចាន់ធានី បង្ហាញអំពីផ្នែកការបណ្តុះបណ្តាលអប់រំស្តីពីជំងឺកូវីដ-១៩៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់