ចាប់ពីឆ្នាំ២០២១ ទៅការ៉ាតេដូកម្ពុជា នឹងរៀបចំប្រកួតអន្តរជាតិ ដើម្បីប្រមូលបទពិសោធន៍មុនធ្វើម្ចាស់ផ្ទះស៊ីហ្គេម

មាស សុផាណារ៉ុង October 27, 2020


 

ភ្នំពេញ៖ បន្ទាប់ពីក្រសួងអប់រំយុវជន និង កីឡា បានបើកភ្លើងខៀវ អនុញ្ញាតឱ្យសហព័ន្ធកីឡាការ៉ាតេដូកម្ពុជា រៀបចំព្រឹត្តិការណ៍ជាអន្តរជាតិនៅក្នុងស្រុកដើម្បីត្រៀមខ្លួនឱ្យបានល្អ ក្នុងការធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ នោះ សហព័ន្ធមួយនេះបានប្រកាសក្ដែងៗថា ចាប់ពីឆ្នាំ២០២១ ទៅនឹងត្រូវរៀបចំការប្រកួតកីឡាការ៉ាតេដូ កម្រិតអន្តរជាតិ ឬជាលក្ខណៈ Open នៅក្នុងតំបន់ដល់ ឆ្នាំ២០២២។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាមួយនេះ នៅក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេដូជ្រើសរើសជើងឯក ឆ្នាំ២០២០ កាលពីចុងសប្ដាហ៍មុន នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ឯកឧត្តមបានមានប្រសាសន៍បែបនេះថា៖ «ការទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ នៅសល់ពេល ២ឆ្នាំកន្លះទៀតប៉ុណ្ណោះ នៃពេលវេលា ដែលបានកំណត់។ ដូច្នេះគណៈកម្មការបច្ចេកទេស និងគណៈកម្មការជំនាញរបស់សហព័ន្ធកីឡាការ៉ាតេកម្ពុជា កំពុងតែរៀបចំធ្វើការដុតដៃដុតជើង ធ្វើយ៉ាងណាឲ្យវិស័យកីឡាការ៉ាតេកម្ពុជា ក្លាយជាប្រភេទកីឡាដ៏មានសក្តានុពល ដើម្បីត្រៀមខ្លួន ប្រកួតប្រជែងយកមេដាយ ក្នុងឋានៈជាម្ចាស់ផ្ទះ នាពេលនោះ។»

ឯកឧត្តបបន្តទៀតថា សហព័ន្ធបាននាំយកគ្រូបង្វឹកអន្ដរជាតិ ដែលមានគុណវុឌ្ឍិខ្ពស់ចំនួន ២រូប ដើម្បពង្រឹងចំណុចខ្វះខាត និងអភិវឌ្ឍសមត្ថភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅដណ្ដើមមេដាយលើឆាកអន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ «គ្រូបង្វឹកបរទេសទាំងពីរ ពិតជាមានឆន្ទៈខ្ពស់ចង់ជួយឲ្យកីឡាករ-កីឡាការិនីកម្ពុជា ដណ្ដើមបានមេដាយក្នុងការប្រកួតលើឆាកអន្ដរជាតិ ពិសេសការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ប៉ុន្ដែគ្រូល្អ ខ្លាំងពូកែយ៉ាងណាក៏ដោយ បើកីឡាករ-កីឡាការិនី គ្មានទេពកោសល្យ គ្មានឆន្ទៈមោះមុត ស្មារតីរឹងមាំ ជាអ្នកប្រយុទ្ធពិតប្រាកដ ក៏មិនអាចឈ្នះគេបានដែរ។»

ជាមួយគ្នានេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យសហព័ន្ធកីឡាការ៉ាតេកម្ពុជា រៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតជ្រើសរើសជើងឯកការ៉ាតេអាស៊ីអាគ្នេយ៍ ឆ្នាំ២០២១ ដែលទាំងអស់គ្នា ត្រូវតែត្រៀមខ្លួន ចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ឲ្យទទួលបានជោគជ័យ ហើយនៅឆ្នាំ២០២២ នឹងត្រៀមការប្រកួតមុនស៊ីហ្គេម ឬហៅថា Pre-SEA Games៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់