អត្តពលិកកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ ប្រមូលមេដាយមាស ថ្នាក់ជាតិឆ្នាំ២០២០ សឹងគ្រប់វិញ្ញាសារ

មាស សុផាណារ៉ុង October 26, 2020


 

ភ្នំពេញ៖ ឆ្លងកាត់ការប្រកួតអស់រយៈពេល ៦ថ្ងៃ នៅសាលដំបូងទូក ក្នុងពហុកីឡដ្ឋានជាតិ ក្រុមកីឡាករ-កីឡាការិនី ដែលមកពីក្រសួងមហាផ្ទៃ បានប្រជែងឈ្នះមេដាយមាសស្ទើរគ្រប់វិញ្ញាសារប្រកួត ដោយក្នុងនោះមានមេដាយមាស ៧គ្រឿង មេដាយប្រាក់ ៦គ្រឿង និងមេដាយសំរិទ្ធ ៦គ្រឿង លើវិញ្ញាសារចំនួន៨ បានក្លាយជាជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ តែម្ដង។

ក្នុងឱកាលពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯក ថ្នាក់ជាតិ និងពានរង្វាន់សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លើកទី១ ប្រចាំឆ្នាំ២០២០ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ដោយមានអញ្ជើញចូលរួមលោកនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា។

ឯកឧត្តម គៀត ច័ន្ធថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីតុកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះខិតខំប្រឹងអស់ពីសមត្ថភាពប្រកួតរយៈពេល ៦ថ្ងៃពេញ ដែលឆ្លុះបញ្ចាំងឲ្យឃើញការវិវត្តន៍រីកចម្រើនទាំងសមត្ថភាព បច្ចេកទេស និងកាយសម្បទាគួរឲ្យកត់សម្គាល់។ ដូច្នេះលោកបានជំរុញកីឡាករ-កីឡាការិនីទាំងអស់ បន្ដការខិតខំបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពឆ្ពោះទៅរកការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
គួបញ្ជាក់ផងដែរថា ចំណាក់លេខ២ សម្រាប់ជើងឯកថ្នាក់ជាតិ នេះ បានទៅលើក្លិបកីឡាវាយកូនឃ្លីលើតុស៊ីធីស្ពត (ច្បារអំពៅ) ទទួលបានមេដាយមាស ១គ្រឿង និងលេខ៣ បានទៅក្លិបកីឡាវាយកូនឃ្លីលើតុសន្ធរមុខថ្មី ទទួលបានមេដាយ ៥គ្រឿង ក្នុងនោះមេដាយប្រាក់ ១គ្រឿង និងមេដាយសំរិទ្ធ ៤គ្រឿង៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់