Half Marathon Angkor ចាប់ផ្ដើមឡើងវិញនៅចុងឆ្នាំនេះ ខណៈកូវីដ-១៩ មិនទាន់ស្ងប់

មាស សុផាណារ៉ុង October 26, 2020


 

ភ្នំពេញ៖ កាលពីព្រឹកថ្ងៃសៅរ៍ ទី២៤ ខែតុលា ឆ្នាំ២២០២០ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសជាផ្លូវការណ៍ ថានឹងចាប់ផ្ដើមរៀបចំព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអង្គរអន្តរជាតិ ឡើងវិញនៅចុងឆ្នាំនេះ ទោះបីការរៀបចំរងសម្ពាធខ្លាំង ដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដោយ។

ថ្លែងក្នុងសិន្និសីទសារព័ត៌មាន ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា៖ «តាមពិតទៅយើងគ្រប់គ្នាពិតជាមានការសោកស្ដាយខ្លាំងដែលព្រឹត្តិការណ៍កីឡាធំៗ ដែលធ្លាប់មានអ្នកចូលរួមរាប់ម៉ឺននាក់កន្លងទៅ ត្រូវរៀបចំក្នុងទ្រង់ទ្រាយតូចខុសពីឆ្នាំមុន ដោយសារវិបត្តិកូវីដ-១៩។ មិនត្រឹមតែប៉ុណ្ណោះគឺវាក៏ធ្វើឲ្យប៉ះពាល់ដល់ចំណូល សម្រាប់គាំទ្រដល់សកម្មភាពមនុស្សធម៌របស់ខ្លួនផងដែរ។»

ឯកឧត្តមបានបន្តទៀតថា៖ «យើងខិតខំរៀបចំនេះ ក្នុងកម្រិតតូចមួយ មិនឲ្យវាបាត់ ដោយសារតែបញ្ហានេះ ម្យ៉ាងទៀតវាជាខួប ២៥ឆ្នាំផង ហើយកុំឲ្យវាដល់ដើមវិញ។ យើងដឹងថា កាលពីឆ្នាំ១៩៩៦ លើកទី១ ដែលធ្វើម៉ារ៉ាតុងនៅសៀមរាប មានតែខ្មែរ និងបរទេសជាង ៣០០នាក់ចូលរួមប៉ុណ្ណោះ។ ចឹងបើយើងមិនត្រលប់ទៅហ្នឹងវិញ វាអាក្រក់មើលណាស់។ ចឹងយើងផ្ដល់នូវការទុកចិត្តមួយ ហើយត្រូវមានការផ្សព្វផ្សាយ យើងត្រូវតែធ្វើ ប៉ុន្ដែយើងសូមធ្វើក្នុងរបត់ថ្មី ពិធីសារថ្មី របៀបរបបថ្មី។ នេះគឺជាវិធានការយើងត្រូវធ្វើ យើងខិតខំប្រឹងប្រែង ដើម្បីឲ្យព្រឹត្តិការណ៍នេះ ជួយដល់ប្រតិបត្តិករទេសចរណ៍ និងសេដ្ឋកិច្ចយើង។ ហេតុនេះ NOCC នឹងធ្វើការជាមួយក្រសួងសុខាភិបាល ដើម្បីរៀបចំព្រឹត្តិការណ៍នេះឲ្យទទួលបានជោគជ័យ ក្រោមវិធានការគ្រប់គ្រងដ៏ច្បាស់លាស់។»

គួរបញ្ជាក់ថា ទន្ទឹមជាមួយការត្រៀមរៀបចំទិវារត់ពាក់កណ្ដាលម៉ារ៉ាតុងអន្ដរជាតិអង្គរ ឆ្នាំ២០២០ នាពេលខាងមុខ ឯកឧត្តម វ៉ាត់ ចំរើន ក៏បានប្រគល់ថវិកាទទួលបានពីការរៀបចំ កាលពីឆ្នាំ២០១៩ សរុបចំនួន ១៤៤,៦១១ដុល្លារអាមេរិក ដល់អង្គការដៃគូមនុស្សធម៌ផងដែរ ក្នុងនោះកាកបាទក្រហមកម្ពុជា ១០,០០០ដុល្លារ, មន្ទីរពេទ្យគន្ធបុប្ផា ៥,០០០ដុល្លារ, អង្គការ Cambodia Trust ៣,៦០០ដុល្លារ, អង្គការ Handicap International Belgium ៣,០០០ដុល្លារ, មន្ទីរពេទ្យកុមារអង្គរ ១១១,២១១ដុល្លារ និងអង្គរបេះដូងមាស ដែលមានអង្គការបុត្រសម្ព័ន្ធចំនួន៥ នូវថវិកា ១១,៨០០ដុល្លារ ផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់