ជើងឯកការ៉ាតេដូថ្នាក់ជាតិ អត្តពលិក ២៣៦នាក់ ចូលរួមប្រជែងយកមេដាយ

មាស សុផាណារ៉ុង October 23, 2020


 

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេដូ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ចាប់ផ្ដើមបើកការប្រកួតប្រកួតផ្លូវការរបស់ខ្លួនហើយ កាលពីព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ នេះ នៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានរយៈពេល ៣ថ្ងៃ ខណៈដែលចំនួនអត្តពលិកឆ្នាំនេះមានការកើនឡើងជាង ១០% បើធៀបទៅនឹងឆ្នាំ២០១៩។

ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការសហព័ន្ធ បានថ្លែងថា បច្ចុប្បន្នសហព័ន្ធកំពុងខិតខំប្រឹងប្រែងធ្វើឲ្យប្រភេទកីឡានេះ កាន់តែមានសក្តានុពល ឈានឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២០៣ នៅកម្ពុជា ដែលនៅសល់រយៈពេល ២ឆ្នាំកន្លះទៀតប៉ុណ្ណោះ។ ដូច្នេះលោកបានស្នើឲ្យកីឡាករ-កីឡាការិនី និងបណ្ដាក្លិបទាំងអស់ ខិតខំអភិវឌ្ឍខ្លួនឲ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីឈានទៅរកភាពជោគជ័យក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រនេះ។

ឯកឧត្តមបន្ថែមទៀតថា ការប្រកួតនេះដែរ ត្រូវបានសហព័ន្ធចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់មួយផងដែរ ដើម្បីវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី ដើម្បីសម្រួចឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ។

បើតាមគណៈកម្មការរៀបចំការប្រកួតបានឱ្យដឹងថា ការប្រកួតថ្នាក់ជាតិឆ្នាំនេះ គឺមានប្រតិភូ និងកីឡាករ-កីឡាការិនី ចូលរួមសរុប ២៣៦នាក់ មកពី ២៣ក្លិបទូទាំងរាជធានី-ខេត្ត។ ដោយប្រកួតលើវិញ្ញាសាសរុបចំនួន៣៦ លើវិញ្ញាសាគោលចំនួន៤ គឺវិញ្ញាសាកាតាឯកត្តជន, កាតាក្រុម, ប្រយុទ្ធឯកត្តជន និងប្រយុទ្ធជាក្រុម។

បញ្ជាក់ថា ពិធីបិទគ្រោងធ្វើឡើងនាថ្ងៃទី២៥ ខែតុលា ខាងមុខ ក្រោមវត្តមានឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ផ្ទាល់តែម្ដង៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់