សហព័ន្ធកីឡាវាយកូនឃ្លីលើតុ ធ្វើតេស្ត និងជ្រើសរើសអត្តពលិក ៨នាក់ ទៅហាត់នៅចិន

មាស សុផាណារ៉ុង October 21, 2020


 

ភ្នំពេញ៖ បន្ទាប់ពីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រេចអោយប្រភេទកីឡាវាយកូនឃ្លើលើតុ ចំនួន ៨រូបអាចទៅធ្វើការហ្វឹកហាត់រយៈពេលវែង នៅក្នុងប្រទេសចិន ដើម្បីត្រៀមស៊ីហ្គេម ឆ្នាំ២០២៣ នោះ សហព័ន្ធកីឡាមួយនេះ បានរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ ដើម្បីជាការធ្វើតេស្តសមត្ថភាព និងសម្រិតសម្រាំងជ្រើសរើសកីឡាករការិនី នៅក្នុងកម្មវិធីប្រកួតនោះផងដែរ។

ការបញ្ជូនអត្តពលិកទៅហាត់នៅចិន មិនមែនមានតែកីឡាវាយកូនឃ្លីលើតុនោះទេ ដោយមានកិច្ចសហការល្អរវាងកម្ពុជា-ចិន បានឯកភាពផ្ដល់ឲ្យកីឡាករ-កីឡាការិនីជាង ១០ប្រភេទកីឡា ទៅហ្វឹកហាត់រយៈពេលវែងនៅចិន ដើម្បីហ្វឹកហាត់ដុះខាតសមត្ថភាពត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។ បើតាមគម្រោងកម្ពុជា អាចនឹងបញ្ជូនអត្តពលិកទៅហាត់នៅចិន នៅចុងឆ្នាំ២០២០ ឬដើមឆ្នាំក្រោយ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ ធូរស្រាល។

បើតាម លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា សហព័ន្ធនឹងធ្វើការជ្រើសរើសជាពិសេស ដោយផ្ដោតលើគោលការណ៍៤ ទី១-វិន័យ ទី២-វ័យ ទី៣-កាយសម្បទា និងទី៤-បច្ចេកទេស តាមរយៈការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ និងពានសហព័ន្ធនេះ ដើម្បីធានាការបញ្ជូនទៅហាត់នៅចិន ប្រកបដោយលទ្ធផលល្អប្រសើរ។

ជាមួយគ្នានេះដែរ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក៏បានឱ្យដឹងដែរថា៖ «ដើម្បីជំរុញបន្ថែមល្បឿនអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ ដល់កីឡាករ-កីឡាកាវិនីវាយកូនឃ្លីលើតុ CAMSOC បានឯកភាពជាមួយក្រុមជំនាញកីឡា និងក្រុមសិក្សាស្រាវជ្រាវមកពីក្រុមហ៊ុនកីឡាអន្តរជាតិ តំណាងឲ្យអាជ្ញាធរកីឡា នៃសាធារណរដ្ឋប្រជាមានិតចិន ផ្តល់ចំនួនកីឡាករ-កីឡាការិនីវាយកូនឃ្លីលើតុ ចំនួន ៨នាក់ ត្រៀមទៅហ្វឹកហាត់រយៈពេលវែង នៅសាធារណរដ្ឋប្រជាមានិតចិន។»

ឯកឧត្តមបន្ថែមថា៖ «ដូចនេះសូមសហព័ន្ធត្រៀមលក្ខណៈជ្រើសរើសកីឡាករ-កីឡាការិនីមានទេពកោសល្យ វិន័យ ក្រមសីលធម៌កីឡាល្អបញ្ជូនទៅធ្វើការហ្វឹកហាត់ឲ្យទទួលបានជោគជ័យត្រឡប់មកប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដណ្ដើមយកមេដាយមាសចំនួន ១គ្រឿង សម្រាប់កីឡាវាយកូនឃ្លីលើតុ តាមតារាងសន្ទស្សន៍មេដាយ ដែល NOCC បានប្រកាសក្នុងមហាសន្និបាត កាលពីដើមឆ្នាំ២០២០កន្លងមក។»

គួបញ្ជាក់ផងដែរថា៖ ពិធីបើកការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកជាតិ និងពានរង្វាន់សហព័ន្ធ លើកទី១ ឆ្នាំ២០២០ កាលពីម្សិលមិញនេះ បានចូលរួមជាគណៈអធិបតីពីសំណាក់ លោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន ប្រធានកិត្តិយសសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ។ ការប្រកួតនេះ មានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៧៣នាក់ មកពី ២២ក្លិបទូទាំងប្រទេស៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់