ប្រមុខកីឡារាំ ប្ដេជ្ញាពង្រឹងគុណភាពបច្ចេកទេសបន្ថែមទៀត មុនក្លាយជាម្ចាស់ផ្ទះ Sea Game

មាស សុផាណារ៉ុង October 14, 2020


 

ភ្នំពេញ៖ បន្ទាប់ពីរៀបចំអោយមានវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋាន ដែលបានបញ្ចប់កាលពីសប្ដាហ៍មុននោះ លោកជំទាវ ញ៉ែម មរកត ប្រធានសហព័ន្ធកីឡារាំកម្ពុជា បានប្ដេជ្ញាយ៉ាងមុតមាំថា នឹងបន្តពង្រឹងសហព័ន្ធបន្ថែមទៀត ទាំងធនធានមនុស្ស និងគុណភាពបច្ចេកទេសអោយបានល្អជាងនេះ មុនក្លាយខ្លួនជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) ឆ្នាំ២០២៣។

ប្រធានសហព័ន្ធរូបនេះមានប្រសាសន៍បែបនេះថា ឆ្លងកាត់ការសិក្សារយៈពេល ៥ថ្ងៃនេះមើលឃើញថា សិក្ខាកាមទទួលបាននូវចំណេះដឹងជាច្រើនទាក់ទងទៅហ្នឹងបច្ចេកទេស វិធីសាស្ត្របង្ហាត់ផ្សេងៗ ក្រុមសីលធម៌ជាគ្រូបង្វឹក និងទម្លាប់ទាំង ៧របស់បុគ្គលឆ្នើម។ ទន្ទឹមនិងនេះវគ្គសិក្សាគឺបានជួយអភិវឌ្ឍន៍សមត្ថភាពសិក្ខាកាមឲ្យតែល្អប្រសើរជាងមុនទៅទៀត។

លោកជំទាវបន្តថា៖ កន្លងមកសហព័ន្ធកីឡារាំបានចូលរួមប្រកួត និងដណ្ដើមបានមេដាយពីឆាកអន្ដរជាតិបន្ដបន្ទាប់ ទាំងថ្នាក់តំបន់ ទ្វីប និងពិភពលោក។ ដោយហេតុនេះ ក្នុងនាមជាដឹកនាំមួយរូប នឹងប្រឹងប្រែងរៀបចំនូវវគ្គសិក្សាជាច្រើនបន្ថែមទៀត ក្នុងមួយឆ្នាំៗ ដើម្បីពង្រឹងទាំងគុណភាព និងបច្ចេកទេស របស់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីកម្ពុជាអោយល្អ មុនកម្ពុជាធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ ២០២៣ នាពេលខាងមុខនេះ ។ ក្នុងនោះលោកជំទាវក៏រំពឹងថា ស៊ីហ្គេមនៅប្រទេសវៀតណាម នាឆ្នាំ២០២១ នាពេលឆាប់ៗខាងមុខនេះ កីឡារាំកម្ពុជា ក៏អាចនឹងដណ្ដើមមេដាយជូនជាតិបានផងដែរ។

ជាមួយគ្នានេះដែរ អ្នកស្រី ហង់ ស៊ីម៉ន អគ្គលេខាធិការសហព័ន្ធកីឡារាំ ក៏សូមថ្លែងអំណរគុណដល់លោកជំទាវ ឯកឧត្ដម និងគ្រូឧទេសនានាដែលបានចំណាយពេលចូលរួមក្នុងវគ្គសិក្សានេះ និងបានចែករំលែកនូវចំណេះដឹង បទពិសោធល្អៗដល់សិក្ខាកាមទាំងដើម្បីជំរុញពួកគេឲ្យរឹតតែមានសមត្ថភាពក៏ដូចជាជួយពង្រីកផ្សព្វផ្សាយ ឬបង្កើនធនធានថ្មីៗទៀត។

គួបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡារាំកម្រិតមូលដ្ឋានដល់គ្រូបង្វឹកចំនួន ២៩នាក់ពីខេត្តសៀមរាប និងរាជធានីភ្នំពេញ ក្រោមការឧបត្តម្ភពីក្រសួងអប់រំ យុវជន និងកីឡា នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នេះ គឺទទួលបានសិក្ខាកាម កម្រិតល្អ ៨០% កម្រិតល្អបង្កួរ ១០% និង មធ្យម ១០%៕

 

អត្ថបទ៖ ប៉ាវឡុងជីង

មតិយោបល់