គ្រូបង្វឹកកីឡារាំ ២៩នាក់ ចូលរួមក្រេបចំណេះដឹងកម្រិតមូលដ្ឋានពីសហព័ន្ធមុនធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម២០២៣

មាស សុផាណារ៉ុង October 5, 2020


 

ភ្នំពេញ៖ កាលពីព្រឹកមិញនេះ សហព័ន្ធកីឡារាំកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡារាំកម្រិតមូលដ្ឋាន ដល់គ្រូបង្វឹកចំនួន ២៩នាក់ ពីខេត្តសៀមរាប និងរាជធានីភ្នំពេញ ក្រោមការឧបត្តម្ភពីក្រសួងអប់រំ យុវជន និងកីឡា។

អគ្គលេខាធិការសហព័ន្ធកីឡារាំកម្ពុជា អ្នកស្រី ហង់ ស៊ីម៉ន បានមានប្រសាសន៍ថា៖ «វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋានជំនាន់ទី១ នេះ វាជាលើកទី១ របស់សហព័ន្ធ ព្រោះថាចាប់តាំងពីបង្កើតសហព័ន្ធមក ។ ដោយស្របតាមយុទ្ធសាស្ត្ររបស់ក្រសួងអប់រំ យុវជន និងកីឡា និង គណៈកម្មាការ CAMSOC សម្រាប់ឆ្នាំ២០២៣ និងជាអនុសាសន៍របស់សហព័ន្ធកីឡារាំអាស៊ី និងសហព័ន្ធកីឡារាំពិភពលោក ដើម្បីអភិវឌ្ឍន៍កីឡារាំ នៅកម្ពុជា។»

អ្នកស្រីបន្តថា៖ «វគ្គបណ្ដុះបណ្ដាលនេះសហព័ន្ធរៀបចំឡើងដើម្បីឱ្យគាត់អោយក្លាយជាគ្រូបង្វឹកកម្រិតមូលដ្ឋានមួយ ដែលមានគុណភាពល្អ និងដើម្បីឱ្យពួកគាត់យកទៅអភិវឌ្ឍន៍ធនធានមនុស្សនៅតាមបណ្ដាលក្លិប និងខេត្តរបស់ខ្លួននៅក្នុងព្រះរាជាណាចក្រកម្ពុជា។»

បើតាមគម្រោងសហព័ន្ធគ្រោងរៀបចំវគ្គបណ្ដុះបណ្ដាល ២ដងក្នុងមួយឆ្នាំ គឺវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋាននេះ និងវគ្គបណ្ដុះបណ្ដាលអាជ្ញាកណ្ដាល ដើម្បីពង្រឹងសមត្ថភាពគ្រូបង្វឹក និងអាជ្ញាកណ្ដាល របស់សហព័ន្ធឱ្យបានល្អមុនក្លាយជាម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣។

គួបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកម្រិតមូលដ្ឋាននេះ មានគ្រូឧទ្ទេសមានចំនួន ៧រូប ក្នុងនោះមាន លោកជំទាវ ម៉ក់ វណ្ណស៊ីថា, លោកឧកញ៉ ប៉ិច បូឡែន, អ្នកគ្រូ Daniela Preap, លោកគ្រូ ស៊ូវ តុង, លោកគ្រូ Viktor Natraseniuk, អ្នកគ្រូ You Shu Jie និង លោកគ្រូ Raymon Li ។ ដោយមានរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី ០៥-០៩ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់