KOICA ផ្ដល់សម្ភារៈហ្វឹកហាត់តេក្វាន់ដូ ដល់វិទ្យាស្ថានអប់រំកាយ និង កីឡា

មាស សុផាណារ៉ុង October 2, 2020


 

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ នេះ វិទ្យាស្ថានអប់រំកាយ និងកីឡា ដែលត្រូវបានស្គាល់ថាជាសាលាបណ្ដោះបណ្ដាលជំនាញកីឡានោះ ត្រូវបានអង្គការ KOICA ផ្ដល់សម្ភារៈសម្រាប់ធ្វើការហ្វឹកហាត់ជាច្រើន ដែលមានតំលៃសរុបរហូតទៅដល់ ៣៥,៥១៦ ដុល្លាអាមេរិក។

លោកស្រី ហ៊ូ សិទ្ធិសោភាល័យ អគ្គនាយិការវិទ្យាស្ថានអប់រំកាយ និងកីឡា បានថ្លែងនៅក្នុងពិធីនោះថា៖ «រាល់សម្ភារៈទាំងអស់ដែលបានផ្ដល់ពីអង្គការ KOICA នេះ គឺនឹងត្រូវបានប្រើប្រាស់ដើម្បីឱ្យគរុនិស្សិតបានហ្វឹកហាត់កីឡាជំនាញប្រកបដោយគុណភាព និងមានសមត្ថភាពអាចបន្តបង្ហាត់ និងផ្សព្វផ្សាយពីប្រភេទកីឡានេះទៅតាមសាលារៀន និងសហគមន៍ ក៏ដូចជាអាចបើកក្លិបកីឡាតេក្វាន់ដូ តាមរាជធានី-ខេត្ត-ក្រុង នានាក្នុងព្រះរាជាណាចក្រកម្ពុជា។»

លោកស្រីក៏បានថ្លែងអំណរអគុណដល់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបានយកចិត្តទុកដាក់ធ្វើកំណែទម្រង់វិស័យអប់រំកាយ និងកីឡា និង ឯកឧត្តម ស សុខា រដ្ឋលេខាធិការទទួលបន្ទុកដែលបានចំណាយពេលវេលា និងថវិកាផ្ទាល់ខ្លួនដើម្បីអភិវឌ្ឍវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ព្រមទាំងរដ្ឋាភិបាលកូរ៉េ អង្គការអ្នកស្ម័គ្រចិត្ត KOICA ក៏ដូចជាលោកគ្រូ ឆយ យ៉ុងស៊ុក ដែលបានផ្ដល់ជំនួយទាំងសម្ភារៈ បច្ចេកទេស និងធនធានមនុស្ស និងធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អ។

ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានផ្តាំផ្ញើដល់គ្រូអប់រំកាយ និងកីឡា ចេញទៅបម្រើការងារតាមគ្រឹះស្ថាន សិក្សានានាតាមបណ្តាលខេត្ត ត្រូវលើកកម្ពស់ហ្វឹកហាត់កីឡាតេក្វាន់ដូ WT នេះនៅទីតាំងរបស់ខ្លួន ដើម្បីពង្រីកចំនួនកីឡាករ-កីឡាការិនី ជាពិសេសពង្រីកពង្រឹង សមត្ថភាពកីឡាតេក្វាន់ដូ WT ឲ្យមានទូទាំងប្រទេសកម្ពុជា ហើយត្រូវចូលរួម ការប្រកួតជើងឯក តាមខេត្ត និងតាមក្លិប ដើម្បីជ្រើសរើសចូលរួមការប្រកួត កីឡាតេក្វាន់ដូ WT ជ្រើសរើសជើងឯក ថ្នាក់ជាតិ។ នេះជាយុទ្ធសាស្រ្តមួយ ក្នុងការត្រៀមការប្រកួត SEA GAMES ហើយការប្រកួតកីឡាតេក្វាន់ដូ WT ឡើងកម្រិតអន្តរជាតិ ព្រោះកីឡាតេក្វាន់ដូ WT ជាប្រភេទកីឡាអូឡាំពិក។

គួបញ្ជាក់ផងដែរថា៖ សម្ភារកីឡាតេក្វាន់ដូ របស់អង្គការ KOICA ដែលមានតំលៃ ៣៥,៥១៦ដុល្លាអាមេរិក មានដូចជា៖ ប្រព័ន្ធការពារ និងប្រព័ន្ធដាក់ពិន្ទុ ចំនួន ២ឈុត (ហ៊ុមការពារខ្លួន អេឡិចត្រូនិច ព៌ណក្រហម និងខៀវ ចំនួន១០, មួកការពារ ក្បាលអេឡិចត្រូនិច ពណ៌ក្រហម និងខៀវ ចំនួន៦, ឧបករណ៍ទទួល និងបញ្ជូនទិន្នន័យ ចំនួន២, ឧបករណ៍ចុច បន្ថែមពិន្ទុពីចៅក្រម ចំនួន៦, ស្រោមជើងអេឡិចត្រូនិច ចំនួន២០, កម្រាលតេក្វាន់ដូចំនួន ២៨៨ផ្ទាំង ស្មើនិង ២ទីលាន, ឯកសណ្ឋានតេក្វាន់ដូ ២០០ឈុត, ឧបករណ៍កាន់ទាត់ ចំនួន ៤០, ម៉ាស៊ីនត្រជាក់បញ្ឈរ ចំនួន២, កុំព្យូទ័រ ២ឈុត,  Monitor ២ឈុត និងខ្សែ HDMI ចំនួន ៤ឈុត៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់