ណយ ផាន់ណា៖ ឯកឧត្តមប្រធានតែងតែផ្ដល់អនុសាសន៍ ក្នុងការកែលំអរទីលានកីឡាកាយសម្ព័ន្ធ

មាស សុផាណារ៉ុង October 2, 2020


 

ភ្នំពេញ៖ មុននឹងក្លាយជាម្ចាស់ផ្ទះរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នោះ តាមបណ្ដាលសហព័ន្ធកីឡាជាតិទាំងអស់ត្រូវការៀបចំហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនឱ្យបានល្អ មានទាំងធនធានមនុស្ស បច្ចេកទេស ការហ្វឹកហាត់សមស្របទៅតាមស្ដង់ដារបស់អន្តរជាតិ រួមទាំងមានទីលានហ្វឹកហាត់លក្ខណៈស្ដង់ដាផងដែរ។ ក្នុងនោះសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ដែលដឹកនាំដោយឯកឧត្តម ថោង ខុន ជាប្រធាន បាននឹងកំពុងដុតដៃដុតជើងក្នុងការជំរុញ និងកំពុងខិតខំបំពេញចំណុចខ្វះខាត ជាពិសេសគឺផ្នែកទីលាន។

អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា បានមានប្រសាសន៍បែបនេះ «ផ្នែកទីលាន គឺមានលក្ខណៈល្អប្រសើរក្នុងការហ្វឹកហាត់ តែបើឲ្យពេញលេញ គឺមិនទាន់ទេ តែក្នុងនាមអ្នកទទួលបន្ទុកបច្ចេកទេសជំនាញរបស់សហព័ន្ធ ឯកឧត្តមបណ្ឌិត ថោង ខុន ដែលជាប្រធាន តែងផ្ដល់អនុប្រសាសន៍ឱ្យខិតខំរៀបចំបន្ដ ដើម្បីធ្វើឲ្យទីលានល្អប្រសើរ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។»

លោកបន្តថា៖ «ឯកឧត្ដមប្រធាន តែងតែធ្វើការចង្អុលបង្ហាញនូវយុទ្ធសាស្រ្តថ្មីៗ ក្នុងការអភិវឌ្ឍន៍សហព័ន្ធកីឡាកាយសម្ព័ន្ធឱ្យរីកចម្រើនទៅមុខជានិច្ច។ ដោយក្នុងនោះក៏មានផែនការច្បាស់លាស់ក្នុងការអភិវឌ្ឍន៍សមត្ថភាពកីឡាករ កីឡាការិនី ផងដែរដូចជាត្រូវទៅហាត់ប្រទេសណា? ហាត់ប៉ុន្មានឆ្នាំ? និងត្រូវនាំគ្រូបរទេសមកជួយបង្ហាត់ដល់កម្ពុជាបន្ថែមទៀតផងដែរ។ ជាក់ស្ដែង សហព័ន្ធក៏មានគ្រោងនឹងបញ្ជូនកីឡាករ កីឡាការិនីរបស់ខ្លួនឲ្យទៅហាត់នៅប្រទេសចិន រយៈពេលវែងផងដែរក្រោយចប់ការរីករាលដាលជំងឺ COVID-19 នាពេលខាងមុខនេះដើម្បីអាចប្រជែងមេដាយនៅស៊ីហ្គេមលើកទី៣១ ឆ្នាំ ២០២១ នៅវៀតណាម និងលើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។»

ពាក់ព័ន្ធការហ្វឹកហាត់នៅប្រទេសចិន អគ្គលេខាធិការរូបនេះបានបញ្ជាក់ថា៖ ការហ្វឹកហាត់នៅក្រៅប្រទេសនេះនឹងអាចជួយសម្រួចសមត្ថភាពពួកគេឲ្យឈានដល់កម្រិតអាចយកមេដាយច្បាស់លាស់ណាមួយនៅព្រឹត្តិការណ៍ស៊ីហ្គេម។ ហាត់នៅក្រៅមានឧបករណ៍គ្រប់គ្រាន់ បច្ចេកទេស បទពិសោធគ្រូៗខ្ពស់ហេតុនេះហើយចាំបាច់ត្រូវតែចេញទៅ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់