ប្រធានសហព័ន្ធវាយកូនឃ្លីលើតុ នាំយកសម្ភារៈហ្វឹកហាត់ពីក្រុមហ៊ុនចិនមកផ្ដល់ជូនក្រុមជម្រើសជាតិ

មាស សុផាណារ៉ុង September 30, 2020


 

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២៨ ខែកញ្ញា ម្សិលមិញនេះ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បាននាំយកសម្ភារៈហ្វឹកហាត់ និងការប្រកួតមកជូនដល់ក្រុមជម្រើសជាតិរបស់ខ្លួន នៅក្នុងពហុកីឡាដ្ឋានជាតិ ដោយការឧបតម្ថម្ភសម្ភារៈកីឡាមួយចំនួនធំនេះ គឺបានពីក្រុមហ៊ុនចិនដែលមានឈ្មោះថា LIXIN Group។

អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា លោក ស៊ុន សុទ្ធារិទ្ធ បានចាត់ទុកការឧបត្ថម្ភនេះ គឺជាការរួមចំណែកមួយដ៏សំខាន់ពីវិស័យឯកជន ដើម្បីលើកកម្ពស់ការអភិវឌ្ឍវិស័យកីឡាជាតិ ពិសេសកីឡាវាយកូនឃ្លីលើតុ ដើម្បីឆ្ពោះទៅរកការប្រកួតប្រជែងលើឆាកអន្ដរជាតិប្រកបដោយគុណផលខ្ពស់ ពិសេសការអភិវឌ្ឍន៍សមត្ថភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅប្រទេសកម្ពុជាតែម្ដង។

លោកបន្តថា៖ សម្ភារៈដែលក្រុមហ៊ុន បានផ្ដល់ជូនកីឡាករ-កីឡាការិនី ទាំងក្រុមជម្រើសជាតិ (ក្រុមធំ) និងក្រុមជម្រើសជាតិថ្នាល រួមទាំងគ្រូបង្វឹក គ្រូជំនួយ រួមមានអាវ ៦០, ស្បែកជើង ៣១គូ និងកៅស៊ូរកែត ៨០បន្ទះ សម្រាប់បម្រើឲ្យការហ្វឹកហាត់ប្រចាំថ្ងៃ និងការប្រកួតផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់