ប្រធាន CAMSOC ចុះត្រួតពិនិត្យមើលទីលានហ្វឹកហាត់ក្រុមជម្រើសជាតិក្នុងពហុកីឡដ្ឋានជាតិ

មាស សុផាណារ៉ុង September 29, 2020


 

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ ខែកញ្ញាម្សិលមិញនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានធ្វើដំណើរទស្សនៈកិច្ច មើលទីលានហ្វឹកហាត់ និងសំណេះសំណាលជាមួយអត្តពលិកគ្រប់ប្រភេទកីឡា និងបានធ្វើការវាយតម្លៃខ្ពស់ ចំពោះទឹកចិត្តរបស់កីឡាករ-កីឡាការិនី ពិសេសហេដ្ឋារចនាសម្ព័ន្ធរបស់សហព័ន្ធកីឡាជាតិនីមួយៗ ដែលមានភាពល្អប្រសើរ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC ឯកឧត្តម វ៉ាត ចំរើន បានមានប្រសាសន៍ថា៖ «មុននឹងសម្ដេចធ្វើដំណើរទស្សនៈកិច្ចនោះ សម្ដេចបានចូលរួមកាត់ខ្សែបូរដាក់ឱ្យប្រើប្រាស់នូវទីលានហែលទឹក ក្នុងពហុកីឡាដ្ឋានជាតិ (អូឡាំពិក) ក្រោយជួសជុសជិត ១ឆ្នាំ និងចូលរួមបំពាក់មេដាយជូនអត្តពលិកហែលទឹក ក្រោយពីប្រឹងប្រែងប្រកួតជើងឯកថ្នាក់ជាតិអស់រយៈពេល ៣ថ្ងៃកន្លងមកផងដែរ។»

ឯកឧត្តមបន្តថា៖ «នេះគឺជាដំណើរទស្សនកិច្ច ដើម្បីត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី១ ហើយដំណាក់កាលបន្ទាប់ សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងបន្ដដឹកនាំប្រតិភូ ធ្វើទស្សនកិច្ចនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលជាកន្លែងត្រៀមពិធីបើក-បិទព្រឹត្តិការណ៍ស៊ីហ្គេមប្រវត្តិសាស្ដ្រ ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធមួយចំនួនទៀត ដែលអាចហ្វឹកហាត់ និងប្រកួតស៊ីហ្គេមបាន ដូចជាកីឡដ្ឋានស្ដាតចាស់ ទីលានប្រណាំងទូក នៅក្រុងតាខ្មៅ រួមទាំងទីលានប្រកួតកីឡាលើទឹកចិត្តតាមខេត្តមួយចំនួន ដូចជាខេត្តកែប កំពត និងខេត្តព្រះសីហនុជាដើម។»

គួបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចនេះ ក៏មានការអមដំណើរពីឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC រួមទាំងមន្ដ្រីគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

 

អត្ថបទ៖ ប៉ាវ ឡុង ជីង

មតិយោបល់