ទីលានប្រកួតចំនួន៣ ទីតាំង ដែលត្រូវបានកំណត់រួចត្រៀមប្រកួតស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

មាស សុផាណារ៉ុង September 23, 2020


 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំប្រចាំសប្តាហ៍ នៅព្រឹកថ្ងៃអង្គារ៍ទី២២ ខែកញ្ញា ឆ្នាំ២០២០ ដោយបន្តត្រួតពិនិត្យលើវឌ្ឍនភាពការងារ ក្នុងការរៀបចំទីលានប្រកួត ហេដ្ឋារចនាសម្ព័ន្ធ ត្រៀមទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម (កីឡាជនពិការ) លើកទី១២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានផ្តល់ខ្លឹមសារជារួមក្រោយបញ្ចប់កិច្ចប្រជុំនេះថា ការរៀបចំទីលាន ការពិនិត្យលើហេដ្ឋារចនាសម្ព័ន្ធ និងការរៀបចំកម្មវិធីដំណើរទស្សនកិច្ចរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ដែលជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់នូវអាងហែលទឹកពហុកីឡដ្ឋានជាតិអូឡាំពិក ដែលត្រូវបានជួសជុលឡើងវិញ នាថ្ងៃទី២៨ ខែកញ្ញានេះ ព្រមទាំងអញ្ជើញធ្វើដំណើរទស្សនកិច្ចត្រួតពិនិត្យលើទីលានហ្វឹកហាត់ និងការហ្វឹកហាត់របស់ក្រុមជម្រើសជាតិប្រមាណ១០ប្រភេទកីឡា នៅក្នុងពហុកីឡដ្ឋានជាតិផងដែរ។

ឯកឧត្តមអគ្គលេខាធិការបន្ថែមថា កិច្ចប្រជុំនេះ ឯកឧត្តម ជា បូរ៉ា ប្រធានគណៈកម្មការទីលានប្រកួតនៃ CAMSOC បានធ្វើបទបង្ហាញខ្លះៗអំពីទីលានប្រកួតចំនួន៣ ទីតាំង ដែលត្រូវបានកំណត់រួចហើយ ដូចជាពហុកីឡដ្ឋានជាតិមរតកតេជោ (ស្ថិតនៅខណ្ឌជ្រោយចង្វារ) ដែលជាកន្លែងប្រារព្ធពិធីបើក-បិទស៊ីហ្គេម ឆ្នាំ២០២៣ ផង និងជាកន្លែងប្រកួតកីឡាមួយចំនួនផង ខណៈពហុកីឡដ្ឋានជាតិអូឡាំពិកក៏ជាកន្លែងប្រកួតកីឡាមួយចំនួនធំដែរ។ ចំពោះខេត្តព្រះសីហនុ ខេត្តកំពត ខេត្តកែប គឺជាទីតាំងប្រកួតនៃប្រភេទកីឡាលើទឹកមួយចំនួនទៀត។ នេះគឺគោលដៅនៃការរៀបចំនូវហេដ្ឋារចនាសម្ព័ន្ធ ហើយចំពោះហេដ្ឋារចនាសម្ព័ន្ធដែលខ្វះខាតមិនទាន់ត្រូវតាមស្តង់ដារ ឬមិនទាន់មាន គឺត្រូវកសាងបន្ថែម ដើម្បីបំពេញបន្ថែមឲ្យសមស្របតាមស្តង់ដារបច្ចេកទេស សម្រាប់ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣។

ក្រៅពីដំណើរទស្សនកិច្ចលើទីលានប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញបន្តត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធនៅពហុកីឡដ្ឋានជាតិមរតកតេជោ ដែលកំពុងដំណើរការសាងសង់កីឡដ្ឋានធំ ដែលជាកន្លែងប្រារព្ធពិធីបើក-បិទ ស៊ីហ្គេម ក៏ដូចជាគ្រោងពិនិត្យទីលានប្រកួតមួយចំនួនទៀតនៅទីនោះដូចជា អាងហែលទឹក កីឡដ្ឋានក្នុងសាល ទីលានអត្តពលកម្ម បាល់ទះ វាយកូនបាល់ បាល់បោះ…ដែលបានបញ្ចប់ការសាងសង់រួចរាល់នៃដំណាក់កាលទី១ កន្លងទៅ។ ទីលានប្រកួតមួយចំនួននៃពហុកីឡដ្ឋានជាតិមរតកតេជោ ធ្លាប់បានប្រើប្រាស់រួចហើយនាពេលកន្លងមក ខណៈភូមិកីឡាកំពុងដំណើរការសាងសង់នៅទីនោះ ដើម្បីឲ្យកីឡាករ កីឡាការិនី គ្រូបង្វឹកស្នាក់នៅ ហូបចុក ដែលអាចផ្ទុកមនស្សបានប្រមាណ១ម៉ឺននាក់។

ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនថា នៅក្នុងឆ្នាំ២០២០ CAMSOC នឹងធ្វើវឌ្ឍនភាពហេដ្ឋារចនាសម្ព័ន្ធ ហើយនៅឆ្នាំ២០២១ នឹងកែលម្អឲ្យត្រូវតាមស្តង់ដារ រីឯនៅក្នុងឆ្នាំ២០២២ សហព័ន្ធកីឡាអន្តរជាតិ និងគណៈកម្មការជំនាញរបស់សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ឬហៅថា ក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ នឹងមកត្រួតពិនិត្យវាយតម្លៃថា ការរៀបចំទីលានប្រកួតរបស់កម្ពុជាត្រូវតាមស្តង់ដារឬអត់ ហើយចូលដល់ចំណុចស្តង់ដារប៉ុន្មានភាគរយ ដើម្បីទទួលការប្រកួត ឲ្យមានភាពច្បាស់លាស់ ពីព្រោះកីឡាលើពិភពលោកមានប្រភពស្តង់ដារតែមួយ។

អគ្គលេខាធិការបានលើកឡើងទៀតថា កិច្ចប្រជុំប្រចាំសប្តាហ៍របស់គណៈអចិន្ត្រៃយ៍ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ឯកឧត្តមបណ្ឌិត ថោង ខុន ដែលតែងតែធ្វើឲ្យកិច្ចប្រជុំពីមួយសប្តាហ៍ទៅមួយសប្តាហ៍មានការវិវឌ្ឍរីកចម្រើន ជាមួយនិងការកំណត់នូវគោលដៅយ៉ាងច្បាស់លាស់ និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាមួយជំហានម្តងៗ ហើយអ្វីដែលសំខាន់គឺភាពកក់ក្តៅ ក្នុងដំណើរឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យជាប្រវត្តិសាស្ត្រផងដែរ៕

 

ប្រភពព័ត៌មាន៖ Cambodia SEA GAMES 2023

មតិយោបល់