CAMSOC បន្តពិភាក្សាលើផែនការ ស៊ីហ្គេម ឆ្នាំ២០២៣ ជាមួយរបៀបវារៈសំខាន់ៗចំនួន២

មាស សុផាណារ៉ុង September 16, 2020


 

ភ្នំពេញ៖ គណៈកម្មការអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បន្តពិភាក្សាលើរបៀបវារៈសំខាន់ៗ នៅក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ កាលពីព្រឹកថ្ងៃអង្គារ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០២០ លើផែនការចម្បងៗឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ថា កិច្ចប្រជុំថ្ងៃនេះ មានរបៀបវារៈសំខាន់ៗចំនួនពីរ៖ ទី១ គឺត្រួតពិនិត្យលើប្រតិទិនការងារពីបច្ចុប្បន្នរហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបន្តធ្វើកិច្ចការអ្វីខ្លះ ដែលកម្មវិធីការងារនេះគឺជាកម្មវិធីស្នូលនៃការអភិវឌ្ឍការងារពីមួយជំហានទៅមួយជំហាន ក្នុងគោលបំណងពិនិត្យនូវប្រសិទ្ធភាពការងារឲ្យកាន់តែជាក់លាក់បន្ថែមទៀតជាមួយនឹងការវាយតម្លៃតាមដំណាក់កាលនីមួយៗ។ ចំពោះរបៀបវារៈទី២ គឺការត្រួតពិនិត្យទៅលើលទ្ធភាពនៃការរៀបចំពិធីបើក-បិទ ស៊ីហ្គេម ឆ្នាំ២០២៣ ដែលជាពិធីដ៏មានសារៈសំខាន់ ក្នុងការបង្ហាញសក្តានុពលជាតិទាំងមូល នៅក្នុងពេលស៊ីហ្គេម នាពេលនោះ។

ឯកឧត្តមអគ្គលេខាធិការបានលើកឡើងទៀតថា៖ «ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានដឹកនាំអង្គប្រជុំប្រកបដោយភាពស្និទ្ធស្នាល និងទទួលបានធាតុចូល ដើម្បីទទួលរៀបចំតាមផ្នែកនីមួយៗ។ ក្នុងនោះតាមប្រក្រតីទិនការងារ យើងបានឯកភាពគ្នា ដោយប្រធានអង្គប្រជុំថ្ងៃនេះ នឹងនាំយកសេចក្តីសម្រេចនេះគ្រោងនឹងធ្លងការសម្រេចពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ និងជាប្រធាន CAMSOC នាសប្តាហ៍ក្រោយៗទៀត។»

ចំពោះកម្មវិធីបើក-បិទ ស៊ីហ្គេម ឆ្នាំ២០២៣ ត្រូវបានឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់ជូនថា៖ «កម្ពុជានឹងធ្វើការងារនេះជាមួយរដ្ឋាភិបាលចិន គណៈកម្មាធិការអូឡាំពិកចិន បានចង្អុលបង្ហាញឲ្យក្រុមហ៊ុនមួយ ដែលធ្លាប់រៀបចំព្រឹត្តិការណ៍អូឡាំពិកហ្គេម ព្រឹត្តិការណ៍កីឡាធំៗនៅសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសគឺយើងទទួលបានអ្នកផលិតកម្មវិធីបើក-បិទ ដែលធ្លាប់មានឥទ្ធិពល និងបទពិសោធន៍ខ្ពស់ដ៏ល្បីល្បាញគ្រោងនឹងចូលរួមជួយក្នុងការរៀបចំពិធីបើក-បិទ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ របស់កម្ពុជាយើង។ រដ្ឋាភិបាលចិនបានផ្តល់អ្នកជំនាញដ៏ល្បីល្បាញរូបនេះ មកជួយជាបទពិសោធន៍របស់គាត់ដល់កម្ពុជា ប៉ុន្តែអ្នកដែលរៀបចំពិតប្រាកដ គឺកម្ពុជាយើង ជាពិសេសគឺពាក់ព័ន្ធនឹងវប្បធម៌ អរិយធម៌ខ្មែរ ដោយត្រូវធ្វើការដោយផ្ទាល់ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។»

ពាក់ព័ន្ធនឹងពិធីបើក-បិទនេះដែរ អង្គប្រជុំក៏បានធ្វើបទបង្ហាញអំពីការរត់ភ្លើងគប់ ដើម្បីស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការរត់ភ្លើងគប់នេះ ដោយត្រូវធ្វើកិច្ចការពាក់ព័ន្ធជាមួយក្រសួងព្រះបរមរាជវាំង ក្រសួងការបរទេស និងសហប្រតិបត្តិការន្តរជាតិ រួមទាំងស្ថានទូតកម្ពុជាប្រចាំនៅបណ្តាប្រទេសនានា នៅក្នុងអាស៊ីអាគ្នេយ៍ ដែលត្រូវត្រៀមជួយដល់ការរត់ភ្លើងគប់នេះ ដោយការរៀបចំជាលើកទី១ របស់កម្ពុជា គឺត្រូវរត់ភ្លើងគប់នៅគ្រប់ប្រទសទាំងអស់ជាសមាជិកអាស៊ីអាគ្នេយ៍។ ចំពោះការរត់ភ្លើងគប់ នៅក្នុងស្រុកវិញ CAMSOC ត្រូវធ្វើការជាមួយអាជ្ញាធររាជធានី-ខេត្ត ដែលការរត់ភ្លើងគប់ក្នុងស្រុកត្រូវរត់ជុំវិញបឹងទន្លេសាប ក៏ដូចជាបញ្ជ្រាប និងការផ្សព្វផ្សាយឲ្យកាន់តែទូលំទូលាយស្តីពីការទទួលរៀបចំ ស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។

កិច្ចប្រជុំប្រចាំសប្តាហ៍របស់ CAMSOC តែងតែជំរុញឲ្យគណៈកម្មការជំនាញរបស់ខ្លួនទាំងអស់ ឲ្យត្រៀមខ្លួននូវផែនការងាររបស់ខ្លួន ហើយគ្រោងនឹងចាប់ផ្តើមអនុវត្តផែនការសកម្មភាពនានាចាប់ពីឆ្នាំ២០២១តទៅ ដូចជាការត្រៀមពិធីបើក-បិទនេះ យើងត្រូវការមនុស្សជិត១ម៉ឺននាក់ ដែលទទួលបានពីកងយោធពលខេមរភូមិន្ទ សិល្បករ មកពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងអប់រំ យុវជន និងកីឡា រួមទាំងយុវជនមកពីសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីត្រៀមការសម្តែងនូវទស្សនីយភាពដ៏ធំ នៅក្នុងពិធីបើក-បិទ។ អ្វីដែលជាគោលការណ៍នៃការរៀបចំធនធានមនុស្ស ការរចនានេះនឹងចាប់ផ្តើមការជួយជ្រោមជ្រែងពីអ្នកជំនាញការមកពីចិន នាចុងឆ្នាំ២០២០នេះ ហើយឯកឧត្តមដាក់ក្តីសង្ឃឹមយ៉ាងមុតមាំថា ការទទួលរៀបចំស៊ីហ្គេម ជាលើកដំបូងរបស់កម្ពុជា នាឆ្នាំ២០២៣ នឹងទទួលបានជោគជ័យ ដើម្បីបង្ហាញពីសក្តានុពលជាតិ កិត្តិយសជាតិដ៏ឧត្តុង្គឧត្តម ជាប្រវត្តិសាស្ត្រផងដែរ៕

 

អត្ថបទ និងរូបភាព៖ Cambodia SEA GAMES 2023

មតិយោបល់