សហព័ន្ធតេក្វាន់ដូ ITF តេស្តសមត្ថភាពអត្តពលិក ត្រៀមជើងឯកថ្នាក់ជាតិ

មាស សុផាណារ៉ុង September 15, 2020


 

ភ្នំពេញ៖ កាលពីយប់ថ្ងៃទី១១ ខែកញ្ញា សហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានរៀបចំពិធី ប្រកួតសាកល្បងសមត្ថភាពគ្នារវាងកីឡាករ-កីឡាការិនី ឆ្នើមតាមបណ្ដាក្លិប ឬខេត្តនីមួយៗ ក៏ដូចជាក្រុមជម្រើសជាតិ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេសបន្ថែម ត្រៀមចូលរួមការប្រកួតថ្នាក់ជាតិនាពេលខាងមុខនៅមជ្ឃមណ្ឌលជាតិហ្វឹកហ្វឺន និងកីឡា។

បង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក ប៉ាល់ ជីវ័ន្ដ គ្រូ បានឲ្យដឹងថា អត្តពលិកដែលចូលរួមប្រកួតនេះ គឺសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា បានចម្រាញ់យកមកតេស្តសមត្ថភាពចំនួន ១៥នាក់ មកពីក្លិបចំនួន៦ ដោយមានការចូលរួមសង្កេតផ្ទាល់ពីប្រធានសហព័ន្ធ ឯកឧត្តម កែវ រ៉េមី តែម្ដង។

លោកបន្តថា ការប្រកួតតេស្តអត្តពលិកនេះ ដើម្បីស្ទប់ស្ទង់សមត្ថភាព និងបច្ចេកទេសក្នុងការជំរុញ ព្រមទាំងពង្រឹងថែមទៀត នូវចំណុចខ្វះខាតមួយចំនួន។

ឯកឧត្តម កែវ រ៉េមី ក៏បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផល នៃការខិតខំប្រឹងប្រែងរបស់កីឡាការិនីម្នាក់ៗ ដែលធ្វើបានយ៉ាងល្អក្នុងការប្រកួតខាងលើ ពោលគឺស្ទើរតែប្រដំត្រសងគ្នាជាមួយនឹងក្រុមជម្រើសជាតិ។ ហេតុនេះ លោកបានជំរុញពួកគេឲ្យបន្ដការខិតខំប្រឹងប្រែងបន្ថែមទៀត ដ្បិតសហព័ន្ធនឹងបើកភ្លើងខៀវ ចំពោះអ្នកមានសមត្ថភាព ដើម្បីក្លាយជាសមាជិកក្រុមជម្រើសជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់