គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ បន្តពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន ៣បន្ថែម

មាស សុផាណារ៉ុង September 9, 2020


 

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្រ្តៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) បានដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ ដោយបន្តពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួនទៀត លើការពិនិត្យរបាយការណ៍ ផែនការសកម្មភាពរបស់គណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២០ ដើម្បីបន្តសម្រួចគោលដៅឲ្យទទួលបានជោគជ័យ នៅក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។។ នេះបើស្រង់ចេញពីសម្ដីរបស់ឯកឧត្តមផ្ទាល់ ចេញផ្សាយដោយហ្វេសប៊ុកផ្លូវការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ Cambodia SEA GAMES 2023។

ឯកឧត្តមអនុប្រធានអចិន្រ្តៃយ៍បានលើកឡើងទៀតថា រឿងប្រជែងមេដាយជាបញ្ហាសំខាន់មួយ ប៉ុន្តែអ្វីដែលរិតតែសំខាន់នោះ គឺយើងត្រូវរួមគ្នាឲ្យកម្ពុជាស្អាត តាមរយៈការអប់រំផ្សព្វផ្សាយលើកិច្ចការបដិសណ្ឋារកិច្ចល្អ បរិស្ថានល្អ អនាម័យស្អាត បញ្ហាគ្រោះថ្នាក់ចរាចរណ៍ បញ្ហាគ្រឿងញៀនត្រូវបានកាត់បន្ថយ ដើម្បីជំរុញឲ្យមានការប្រែប្រួលមួយថ្មី ក្នុងដំណើរឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។

សម្រាប់ប្រព័ន្ធផ្សព្វផ្សាយ ដែលជាដៃគូសំខាន់ គឺទូរទស្សន៍ជាតិកម្ពុជា និងបណ្តាដៃគូផ្សព្វផ្សាយឯកជនដទៃៗទៀត ដើម្បីជំរុញផែនការផ្សព្វផ្សាយ និងព័ត៌មានបញ្ជ្រាបជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសឲ្យមានការចូលរួមអំពីតួនាទីភារកិច្ចរបស់ពលរដ្ឋគ្រប់រូប ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ទាំងមុនពេលស៊ីហ្គេម ក្នុងពេលស៊ីហ្គេម និងក្រោយពេលស៊ីហ្គេម ឆ្នាំ២០២៣។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំថា ក្រោមការចង្អុលបង្ហាញពីសម្តេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC និងឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍តែងតែយកចិត្តទុកដាក់ខ្ពស់ឲ្យគណៈកម្មការជំនាញរបស់ខ្លួនចំនួន១៤ ធ្វើការងារទៅតាមប្រក្រតីទិនការងារឲ្យបានរលូន ដើម្បីឲ្យទទួលបាននូវវឌ្ឍនភាពការងារពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ហើយការត្រួតពិនិត្យតាមដាន វាយតម្លៃជាប្រចាំនេះ កំពុងជំរុញឲ្យកិច្ចការនានាមានសកម្មភាពយ៉ាងមមាញឹក។

ឯកឧត្តមអគ្គលេខាធិការលើកឡើងបន្ថែមនូវរបៀបវារៈសំខាន់ៗចំនួន៣ ដូចជា៖

  • របៀបវារៈទី១- ការប្រកាសស្តីពីការប្រើប្រាស់ស្លាកសញ្ញា-និមិត្តសញ្ញា (Logo-Mascot) ឲ្យខាងជំនាញយកទៅប្រើប្រាស់ផ្សព្វផ្សាយឲ្យបានច្បាស់លាស់ជៀសវាងការប្រើប្រាស់បន្លំ ឬក្លែងទម្រង់ទ្រព្យសម្បត្តិរបស់ ស៊ីហ្គេម ឆ្នាំ២០២៣របស់យើង។
  • របៀបវារៈទី២- ការពិភាក្សាលើគណៈកម្មការវប្បធម៌ បរិស្ថាន និងអប់រំកីឡា ដែលត្រៀមបើកយុទ្ធនាការអប់រំផ្សព្វផ្សាយ លើប្រធានបទចំនួនពីរ គឺប្រជាជនម្នាក់លេងកីឡាមួយមុខក្នុងមួយជីវិត និងប្រធានបទទីពីរ គឺកម្ពុជា ស្អាត-បដិសណ្ឋារកិច្ចល្អ រួមទាំងការអប់រំកាត់បន្ថយនូវភាពអសកម្មក្នុងសង្គម ដូចជាកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ និងកាត់បន្ថយគ្រឿងញៀនជាដើម ដែលឯកឧត្តមបណ្ឌិត ថោង ខុន បានផ្តល់អនុសាសន៍ឲ្យគណៈកម្មការជំនាញរៀបចំសិក្ខាសាលាមួយ ដើម្បីអប់រំផ្សព្វផ្សាយលើការងារប្រកាសនូវយុទ្ធនាការសំខាន់ៗចំនួនពីរនេះ ចាប់ពីពេលនេះតទៅ ដើម្បីឲ្យកម្ពុជាមានរូបភាពវិជ្ជមាន សម្រាប់សមាជិកអាស៊ីអាគ្នេយ៍ចំនួន១០ប្រទេសផ្សេងទៀត ដែលត្រៀមចូលរួមប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ក៏ដូចជាមតិអន្តរជាតិបានមើលឃើញពីសកម្មភាពវិជ្ជមាននៃដំណើរការអភិវឌ្ឍ សន្តិភាពរបស់កម្ពុជា ជាដើម។ តាមការគ្រោងទុក សិក្ខាសាលាដ៏ធំនេះយើងនឹងធ្វើបទបង្ហាញពីខ្លឹមសារសំខាន់ៗលើយុទ្ធនាការពីរនេះ ដោយមានសមាសភាពចូលរួមពីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងអាជ្ញាធរទាំង២៥រាជធានី-ខេត្ត ក្នុងគោលបំណងធ្វើការផ្សព្វផ្សាយបញ្ជ្រាបជូនប្រជាពលរដ្ឋឲ្យមានការរស់នៅក្នុងឥរិយាបទថ្មីមួយ សម្រាប់សង្គមជាតិរបស់យើង។
  • របៀបវារៈទី៣- គឺការពិភាក្សាគ្នាលើផ្នែកថវិកាបឋម ហើយគ្រោងនឹងបន្តពិភាក្សាគ្នា និងស្វែងរកអ្នកជំនាញការបន្ថែមទៀត លើផែនការលម្អិតនៃការចំណាយថវិកា ដើម្បីធ្វើយ៉ាងណាឲ្យមានភាពសន្សំសំចៃលើការប្រើប្រាស់ថវិកាជាតិឲ្យបានត្រឹមត្រូវបំផុត៕

 

ប្រភព និងរូបភាព៖ Cambodia SEA GAMES 2023

** បញ្ជាក់ អត្ថបទត្រូវបានកែសម្រួល ដោយសារមានការភ័ន្ដច្រឡំ

មតិយោបល់