កងអន្តរាគមន៍ប្រឆាំងភារវកម្ម ១០នាក់ ទទួលបានលិខិតបញ្ជាក់ក្បាច់គុនពីសហព័ន្ធខ្មែរកីឡាហាប់គីដូ

មាស សុផាណារ៉ុង September 7, 2020


 

ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី៦ ខែកញ្ញា ម្សិលមិញនេះ កងអង្គរក្សអន្តរាគមន៍ទី១ ប្រឆាំងភារវកម្មខេត្តកណ្តាលចំនួន ១០នាក់ បានទទួលលិខិតបញ្ជាក់ការហ្វឹកហាត់ក្បាច់គុនកម្រិតមធ្យម ដែលមានជាង ៥០ស្នៀតពី សហព័ន្ធខ្មែរកីឡាហាប់គីដូ ដើម្បីលើកទឹកចិត្តដល់កីឡាករឱ្យមានភាពរហ័សរហួន ក្នុងការបំរើសប្រទេសជាតិ និងអង្គភាពរបស់ខ្លួនអោយបានល្អ។

អគ្គលេខាធិការសហព័ន្ធខ្មែរ កីឡាហាប់គីដូ លោក គង់ ចាន់ធីណា បានមានប្រសាសន៍ថា៖ «ស្នៀតដែលសហព័ន្ធបានបង្ហាត់ដល់ពួកគាត់នេះ គឺខុសពីស្នៀតដែលសហព័ន្ធបង្ហាត់កូនសិស្សធម្មតា គឺយើងបង្ហាត់តាមលក្ខណៈគរុកោសល្យ តែបើបង្ហាត់កងកម្លាំងគឺយើងបង្ហាត់ស្នៀតដែលមានប្រសិទ្ធភាព ដើម្បីប្រើការក្នុងការអភិរឌ្ឍន៍ការងារផ្សេងៗ។»

លោកបន្តថា៖ «តាមខ្ញុំសង្កេតមើលក្នុងការហ្វឹកហាត់រយៈពេល ៣ខែកន្លងមកនេះ សិក្ខាកាមកងអង្គរក្សអន្តរាគមន៍ទី១ ប្រឆាំងភារវកម្មខេត្តកណ្តាល ចំនួន១០នាក់ ពួកគាត់យកចិត្តទុកនឹងបញ្ហាកីឡាខ្លាំង ចឹងគាត់បាន ប្រឹងប្រែងក្រេបយកចំណេះដឹងនេះ ដើម្បីយកទៅបំរើសប្រទេសជាតិ និងអង្គភាពរបស់ខ្លួនអោយបានល្អ។ ជាពិសេសគឺមានការជំរុញលើកទឹកចិត្តពីសំណាក់មេបញ្ជាការរបស់ពួកគាត់ផ្ទាល់តែម្ដង។»

«បើតាមពិតទៅខ្ញុំមានបំណងយូរហើយ ដែលចង់ដាក់បញ្ជូលក្បាច់គុនហាប់គីដូនេះ ទៅកាន់កងកម្លាំងទាំងអស់ ព្រោះក្បាច់គុនហាប់គីដូជាក្បាច់គុនដែលមានប្រសិទ្ធភាព ក្នុងការបង្ក្រាប់ឬទប់ទល់ជាមួយនឹងឧក្រិឧជន ដោយយើងមិនប្រើជាអំពើហឹង្សាខ្លាំង តែយើងមានត្រឹមជាក្បាច់ក្លេ ក្បាច់ចាប់អីនឹងដែលធ្វើឱ្យដៃគូររបស់យើងវាមិនមានគ្រោះថ្នាក់ធំ។» លោកបន្តបន្ថែម។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រភេទកីឡាសម្បូរដោយបច្ចេកទេសការពារខ្លួននេះ មានក្លិបជាសមាជិកសហព័ន្ធចំនួន ៥ ក្នុងនោះក៏មានកីឡាករ-កីឡាការិនី ជាកងកម្លាំងនៅតាមអង្គភាពមួយចំនួនដែរ ។ ទន្ទឹមជាមួយគ្នា សហព័ន្ធ កំពុងជំរុញការហ្វឹកហាត់ និងពង្រីកក្លិបទៅតាមបណ្ដាខេត្ត ដើម្បីពង្រីកសក្ដានុពលកីឡាហាប់គីដូនៅកម្ពុជាបន្ថែមទៀតផងដែរ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់