កម្ពុជា រៀបចំព្រឹត្តិការណ៍រត់ និងថ្មើរជើងនៅភ្នំគូលេន លើកដំបូងនៅចុងឆ្នាំនេះ

មាស សុផាណារ៉ុង September 4, 2020


 

ភ្នំពេញ៖ ដើម្បីលើកម្ពស់សម្រស់ធម្មជាតិ និងបរិស្ថាន ក៏ដូចជាផ្សព្វផ្សាយនូវតំបន់វប្បធម៌ប្រវត្តិសាស្ដ្រ នៃឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម ភ្នំគូលេន ក្រសួងបរិស្ថាន បានសហការជាមួយនឹង ក្រុមហ៊ុន Green-G8 រៀបចំព្រឹត្តិការណ៍រត់ប្រណាំង និងថ្មើរជើងលើភ្នំគូលេន Kulen Mountain Trek-Run លើកដំបូងនាចុងឆ្នាំនេះ ពោលគឺនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ។

រដ្ឋលេខាធិការក្រសួងបរិស្ថាន ឯកឧត្តម សៅ សុភាព បានមានប្រសាសន៍ថា៖ «ព្រឹត្តិការណ៍នេះ គឺមាន ២វិញ្ញាសា រួមមានរត់ចម្ងាយ ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រ ហើយបើសិនការរៀបចំលើកទី១ នេះទទួលបានជោគជ័យ ក្រសួងបរិស្ថាន នឹងបន្ដរៀបចំជារៀងរាល់ឆ្នាំ ព្រមទាំងគ្រោងផ្លាស់ប្ដូរផ្លូវរត់ និងពង្រីកវិញ្ញាសារត់កាន់តែឆ្ងាយទៀតផង ដើម្បីកៀងគរផលប្រយោជន៍ជូនជាតិផង និងប្រជាពលរដ្ឋប្រកបរបរក្នុងមូលដ្ឋានផង។»

លោកបន្តថា៖ «ដំបូងឡើយកម្មវិធីនេះ គ្រោងរៀបចំនៅខែកក្កដា តែដោយសារស្ថានភាពជំងឺកូវីដ-១៩ គណៈកម្មការរៀបចំ ក៏សម្រេចលើកទៅខែតុលា តែដោយមានសំណូមពរពីអ្នកចុះឈ្មោះចូលរួម គណៈកម្មការក៏សម្រេចចុងក្រោយលើព្រឹត្តិការណ៍នេះ ទៅធ្វើនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២០ វិញ ដោយបើកទទួលអ្នកចូលរួមជំហានដំបូងត្រឹម ៣០០នាក់ប៉ុណ្ណោះ ទាំងខ្មែរ និងបរទេស។»

ជាមួយនឹងព្រឹត្តិការណ៍នេះ ក្រសួងបរិស្ថានក៏បានបង្កើតឱ្យមានការដាំកូនឈើចំពោះអ្នកដែលបានចូលរួមទាំងអស់ ដែលជាការបង្ហាញពីសកម្មភាពរួមចំណែកក្នុងការដាំស្តារឡើងវិញ នៅតំបន់មួយចំនួនលើភ្នំគូលែនដែលមានការរិចរិល និងបានបង្ហាញពីការយកចិត្តទុកដាក់មួយយ៉ាងសំខាន់លើការគ្រប់គ្រង ការពារគម្របព្រៃ ដើម្បីឱ្យតំបន់មួយចំនួនដែលខូចខាត និងល្អប្រសើរវិញនៅថ្ងៃអនាគត។

សហស្ថាបនិកក្រុមហ៊ុន Green-G8 លោក Jessie Atienza ក៏បានឱ្យដឹងដែរថា ជុំវិញការចុះឈ្មោះចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ គឺតម្រូវឲ្យបង់ថវិកា គ្រាន់តែប្រជាពលរដ្ឋខ្មែរ ចុះឈ្មោះចូលរួមមានតម្លៃទាបជាងបរទេស តែរាល់ថវិកាទទួលបាន គឺសម្រាប់គណៈកម្មការរៀបចំសម្ភារៈ និងមធ្យោបាយធ្វើដំណើរជូនដល់អ្នកចូលរួមទាំងអស់វិញប៉ុណ្ណោះ៕

 

អត្ថបទ៖ ប៉ាវឡុង ជីង

មតិយោបល់