សាលី អ៊ូមេីត ប្រកាសជ្រើសរើសកីឡាការិនីម៉ូតូទឹក ២រូបត្រៀមប្រកួត Asian Beach Games ឆ្នាំក្រោយ
មាស សុផាណារ៉ុង August 26, 2020
ភ្នំពេញ៖ កីឡាករឆ្នើមលើប្រភេទកីឡាម៉ូតូទឹករបស់កម្ពុជា សាលី អ៊ូមេីត បានប្រកាសជ្រេីសរេីសកីឡាការិនីចំនួនពីររូបដេីម្បីចូលរួមហ្វឹកហាត់ជាមួយក្រុមកីឡាករជម្រើសជាតិម៉ូតូទឹកកម្ពុជាត្រៀមចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍កីឡាឆ្នេរខ្សាច់ទ្វីបអាសុី ឬ Asian Beach Games 2021 ដែលនឹងប្រព្រឹត្តទៅនៅឆ្នាំក្រោយនាប្រទេសចិន។ អ្នកដែលមានចំណាប់អារម្មណ៍ទាក់ទងទៅកាន់ផេក Ou Mouet Saly Jetski។
បន្ទាប់ពីទទួលបានជោគជ័យជាបន្តបន្ទាប់រួចមក សាលី អ៊ូមេីត បានបង្ហាញពីការតាំងចិត្ត ក៏ដូចប្តេជ្ញាប្រឹងប្រែងទ្វេដងទាំងលើការហ្វឹកហាត់ផ្ទាល់ខ្លួន ក៏ដូចជាការបង្ហាញបង្រៀនមិត្តរួមអាជីពសម្រាប់ការប្រកួតនាពេលខាងមុខ ដើម្បីបន្តនាំមកនូវកិត្តិយសជូនជាតិមាតុភូមិរបស់ខ្លួន។
សូមរំលឹកថា សាលី អ៊ូមើត ដែលបានប្រឹងប្រែងប្រកបដោយឆន្ទៈខ្ពស់រហូតឈ្នះមេដាយមាសពីការប្រកួត JET SKI WORLD CUP 2019 ដែលមានប្រទេសជាង ៦០ចូលរួមក្នុងប្រភេទកីឡាម៉ូតូទឹក ឬ Jet Ski លើវិញ្ញា Pro-Am Ski Superstock ដែលនេះជាការប្រកួតជុំចុងក្រោយបំផុតបន្ទាប់ពីឆ្លងកាត់ការចម្រាញ់រកជើងខ្លាំងមកពីជុំវិញពិភពលោក ៣លើករួចមក ខណៈដែលកីឡាប្រភេទនេះអាចចាត់ទុកថា ជាប្រភេទកីឡាថ្មីមួយសម្រាប់កម្ពុជា ប៉ុន្តែរូបគេតែងតែធ្វើបានល្អហើយជាញឹកញាប់រូបគេបាននាំយកមកវិញនូវមោទកភាពជាបន្តបន្ទាប់ក្នុងការប្រកួតតូចធំនៅក្រៅប្រទេស។
សូមបញ្ជាក់ដែរថា កីឡាកររូបនេះ ក៏ជាម្ចាស់មេដាយមាសម្នាក់របស់កម្ពុជានៅក្នុងការប្រកួតកីឡាអាសុី ឬ 2018 Asia Games ដែលកាលនោះព្រះរាជាណាចក្រកម្ពុជាឈ្នះមេដាយមាស ២គ្រឿង មួយគឺលើប្រភេទកីឡាម៉ូតូទឹក និងមួយទៀតលើប្រភេទកីឡាជឺជិតស៊ូ ដោយកីឡាការិនី ចេសា ខាន់៕